(ក្រចេះ)៖ អគ្គលេខាធិការដ្ឋានវេទិកាសម្ព័នសង្គមស៊ីវិល សហការជាមួយមន្ទីរសុខាភិបាលខេត្តក្រចេះ រួមនឹងអង្គភាពផ្នែកសង្រ្គោះបន្ទាន់៧១១ កងពលតូចលេខ៧០ ដឹកនាំដោយលោក ស៊ឹម វុទ្ធា អគ្គលេខាធិការរងវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៅល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ បានបន្តយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគការពារកូវីដ១៩ នៅទីតាំងធំៗចំនួន ៤កន្លែង ដែលប្រឈមខ្ពស់ នៃការឆ្លងជំងឺនានានៃក្រុងក្រចេះរួមមាន៖

*បរិវេណរដ្ឋបាលសាលាខេត្ត
*ផ្សារសាមគ្គីក្រុងក្រចេះ
*មណ្ឌលចត្តាឡីស័ក (មណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត)
*ផ្សារសង្កាត់អូរឬស្សី។

លោក ស៊ឹម វុទ្ធា បានឲ្យដឹងថា ការធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគមានគោលបំណងធំៗរួមមាន៖

*ទី១៖ ដើម្បីកាត់បន្ថយភាំពភ័យខ្លាច របស់ប្រជាពលរដ្ឋពីបញ្ហាជំងឺ Covid-19
*ទី២៖ ឱ្យបងប្អូនប្រជាពលរដ្ឋ យល់កាន់តែច្បាប់ថែមទៀតជាមួយជំងឺ Covid-19 និងអ្វីដែលសំខាន់គឺឲ្យបងប្អូនចេះការពារ និងទប់ស្កាត់ពីការឆ្លងជម្ងឺកូវីដ១៩ប្រកបដោយភាពកក់ក្តៅ។

លោកថា «ហើយនេះគឺជាខេត្តទី៦ដែរ នៃការបញ្ចប់បេសកកម្មចុះបាញ់ថ្នាំបង្ការ និងទប់ស្កាត់ការពារជម្ងឺកូវិដ១៩របស់ក្រុមទី៣ ក្នុងនោះមានការសហការជាមួយមន្ទីរសុខាភិបាល ដែលជាសេនាធិការរបស់រដ្ឋបាលខេត្ត និងជាអនុវត្តន៍ផ្ទាល់ អ្វីកាន់តែពិសេសនោះ គឺមានកិច្ចសហការគាំទ្រពីអង្គការសង្រ្គោះមេឃពណ៌ខៀវ នៃសាធារណៈរដ្ឋមានិតចិន ក្នុងការជួយផ្តល់ និងបាញ់ថ្នាំសម្លាប់ដល់ទីតាំងដែលមានកើតនូវជម្ងឺកូវីដ១៩ នូវជំហានទី១ ដោយចប់បេសកកម្មនេះ ក៏តម្រូវឲ្យក្រុមបច្ចេកទេសរដ្ឋបាលខេត្តបន្តយុទ្ធនាការនេះម្តង»។

លោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា កន្លងមកមន្ទីរសុខាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ធ្វើការផ្សព្វផ្សាយនូវសារអប់រំ ការអនុវត្តជាក់ស្តែង និងការចែកខិត្តបណ្ណ ដើម្បីប្រជាពលរដ្ឋយល់ដឹងពីជំងឺ Covid-19 គឺបានធ្វើយ៉ាងទូលំទូលាយឱ្យចេះថែរក្សាសុខភាព ចេះសំអាតអនាម័យជាដើម ហើយមកទល់ពេលនេះ គ្មានករណីណាមួយកើតឡើងនោះឡើយសម្រាប់ខេត្តក្រចេះ៕