(ភ្នំពេញ)៖ ក្នុងស្មារតីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជាសកលនៃជំងឺ COVID-19 កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ នៃបញ្ជាការដ្ឋានកងពលតូចលេខ៧០ បានបន្តដើរបាញ់ថ្នាំសម្លាប់មេរោគកូវីដបានទំហំ ២៧៧,៩១០ម៉ែត្រក្រឡា។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការឯកភាពពីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងមានក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០។

តបតាមការឯកភាពពីមេបញ្ជាការកងទ័ពជើងគោក លើសំណើសុំកិច្ចសហប្រតិបត្តិការពីវេទិកាសម្ពន្ធសង្គមស៊ីវិល ទើបរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារ៧១១ ដោយបានបែងចែកជា៣មុខសញ្ញា ក្នុងការបំពេញការងារបាញ់ថ្នាំសម្លាប់មេរោគលើភូមិសាស្ត្រចំនួន ១៥ ខេត្ត ដោយបានបាញ់ថ្នាំសម្លាប់មេរោគលើផ្ទៃក្រឡាចំនួន ២៧៧,៩១០ម៉ែត្រការ៉េ។ ក្នុងអំឡុងពេលប្រតិបត្តិការនេះ កង៧១១ត្រូវបានទទួលនូវការវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន និងអង្គការសង្គមស៊ីវិលនានា ដែលបាននិងកំពុងចូលរួមជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចូលរួមអភិវឌ្ឍជាតិក្រោមលំហយ៉ាងពេញលេញនៃសេរីភាពនៅកម្ពុជា។

លើសពីនេះ ក្នុងរយៈពេល៧ថ្ងៃនៅគ្រប់បណ្តាខេត្តដែលក្រុមការងារបានចុះបំពេញបេសកកម្មបាញ់ថ្នាំសម្លាប់មេរោគនេះ ក្រុមការងារមកពីរដ្ឋបាលនៅថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល និងសហគមន៍នានាបានចូលរួមអនុវត្តផ្ទាល់ ក្រោយទទួលបានការបណ្តុះបណ្តាលទ្រឹស្តីចំនួន១៤លើកពីក្រុម៧១១ ជាពិសេសបានធ្វើបទបង្ហាញជូនដល់មន្ត្រីពាក់ព័ន្ធស្តីពីការបាញ់ថ្នាំសម្លាប់មេរោគ៖

*ការស្លៀកពាក់ខោអាវការពារមេរោគ
*ការប្រើប្រាស់ម៉ាស៊ីនបំភាយឧស្ម័ននឹងការថែទាំ
*ការលាយថ្នាំសម្លាប់មេរោគ។

គួរបញ្ជាក់ថា កង៧១១ គឺជាក្រុមជួយសង្គ្រោះមួយឈានមុខនៅកម្ពុជាដែលបានបង្កើតឡើងតាំងពីចុងឆ្នាំ២០០៨ មក។ កង៧១១នេះត្រូវបានបែងចែកជា៤ក្រុម គឺក្រុមពន្លត់អគ្គិភ័យ ក្រុមសង្គ្រោះបន្ទាន់ ក្រុមសង្គ្រោះតាមអូប័រ និងក្រុមសង្គ្រោះតាមឧត្តម្ភាគចក្រ។

តាំងពីពេលបង្កើតមក ក្រុម៧១១បានចូលរួមក្នុងសកម្មសង្គ្រោះជាច្រើនករណីនៅទូទាំងប្រទេសរួមទាំងការពន្លត់អគ្គិភ័យ ការសង្គ្រោះអ្នករងគ្រោះចរាចរណ៍ ការសង្គ្រោះអ្នករងគ្រោះពីការបាក់រលំអគារនៅខេត្តព្រះសីហនុនិងខេត្តកែបជាដើម។ កង៧១១ជាក្រុមសង្គ្រោះប្រកបដោយជំនាញវិជ្ជាជីវៈ បំនិនប្រសប់ ព្រមទាំងមានបទពិសោធន៍ដែលមានលក្ខណៈស្តង់ដារស្របតាមនិយាមវិទ្យាសាស្រ្ត ហើយចាប់ពីឆ្នាំ២០០៩មក កង៧១១បានសហការជាមួយអង្គការ JPR ប្រទេសជប៉ុន និងចាប់ពីឆ្នាំ២០១៨មក កង៧១១បានសហការជាមួយអង្គការសង្គ្រោះមេឃពណ៌ខៀវ BSR ប្រទេសចិន។

ដោយឡែក ក្នុងការបាញ់ថ្នាំសម្លាប់មេរោគCOVID-19 លើកទី១ (ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០) ក្រុម៧១១បានបាញ់ថ្នាំជូនអង្គភាពយោធាចំនួន១៤ ចំណុះក្រសួង ការពារជាតិ សរុបមានចំនួន៧៩,៤១៣.៨៥ម៉ែត្រក្រឡា ហើយលើកទី២ (ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០) កង៧១១បានសហការជាមួយក្រុមBSR ប្រទេសចិន ក្រោមកិច្ចសម្របសម្រួលពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងសាធារណៈនានាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តចំនួន៩ សរុបមានចំនួន ១,៥៨៨,៥៨៧ម៉ែត្រក្រឡា៕