(ភ្នំពេញ)៖ ទ្រព្យសម្បត្តិ ព្រមទាំងអាជីវកម្មមួយចំនួនរបស់ប្រជាពលរដ្ឋនៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក បានរងការបំផ្លិចបំផ្លាញ ដោយសារតែព្យុះបាតុកម្មទាមទារយុត្តិធម៌។ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងសិក្សារៀនសូត្រនៅសហរដ្ឋអាមេរិក ស្ថិតនៅឱ្យឆ្ងាយពីការជួបជុំ ឬប្រមូលផ្តុំនានា ទោះបីក្រោមរូបភាព ឬមូលហេតុអ្វីក៏ដោយ។ ស្ថានឯកអគ្គរាជទូត ក៏បានអំពាវនាវឱ្យកាត់បន្ថយការចេញទៅក្រៅផងដែរ។

ការអំពាវនាវរបស់ស្ថានឯកអគ្គរាជទូតបែបនេះ ដើម្បីគេចផុតពីហានិភ័យ ឬគ្រោះថ្នាក់ ដែលអាចបណ្តាលមកពីការធ្វើបាតុកម្មតវ៉ានានា ដែលកំពុងរីករាលដាល និងមានភាពហិង្សានៅតាមបណ្តារដ្ឋនានានៅសហរដ្ឋអាមេរិកនោះ។

ក្នុងលិខិតអំពាវនាវធ្វើឡើងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នោះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសិស្សនិស្សិតគោរពឱ្យបានខ្ជាប់ខ្លួនតាមបម្រាមគោចរ និងបម្រាមនានារបស់អាជ្ញាធរមូលដ្ឋាន ដែលខ្លួនកំពុងស្ថិតនៅ។ បន្ថែមពីលើនេះ ក្នុងករណីចាំបាច់ ត្រូវប្រកាន់នូវស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះសុវត្ថិភាពផ្ទាល់ខ្លួនពីការឆ្លងជំងឺ និងហានិភ័យជាយថាហេតុបណ្ដាលពីបាតុកម្ម។

នៅក្នុងសេចក្តីអំពាវនាវនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក បានចូលរួមសោកស្តាយផងដែរ ចំពោះប្រជាពលរដ្ឋខ្មែរនៅទីក្រុងឡុងប៊ិច ដែលរងការខូចខាតធុរៈកិច្ច (Business) និងទ្រព្យសម្បត្តិ ដោយសារបាតុកម្មហិង្សា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ។ ស្ថានទូត ក៏មានការព្រួយបារម្ភថា ករណីបែបនេះក៏អាចកើតមានផងដែរចំពោះពលរដ្ឋខ្មែរនៅតាមទីក្រុងផ្សេងៗទៀត។

សូមបញ្ជាក់ថា នៅសហរដ្ឋអាមេរិក កំពុងផ្ទុះនូវការធ្វើបាតុកម្មយ៉ាងខ្លាំងក្លា ក្នុងបំណងទាមទាររកយុត្តិធម៌ជូនបុរសជនជាតិអាមេរិកស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) ដែលត្រូវបានប៉ូលិសយកជង្គង់សង្កត់ករហូតដល់ស្លាប់ នៅទីក្រុង មីននាផូលីស (Minneapolis)។

ទីក្រុងចំនួន ៤០ហើយនៅទូទាំងសហរដ្ឋអាមេរិក បានដាក់ចេញបំរាមគោចរ នៅក្នុងបរិបទដែលបាតុកម្មតវ៉ារកយុត្តិធម៌ឱ្យ George Floyd នៅតែបន្តធ្វើឡើង។

មនុស្សយ៉ាងហោច ៤០០០នាក់ ត្រូវបានចាប់ខ្លួននៅតាមទីក្រុងមួយចំនួន។ រីឯបុរសម្នាក់ត្រូវបានបាញ់សម្លាប់ក្នុងបាតុកម្មនៅរដ្ឋឥណ្ឌាណា (Indiana)។ ប៉ូលិសសហព័ន្ធពីរនាក់ត្រូវបានបាញ់ប្រហារ ក្នុងនោះមានម្នាក់បានស្លាប់នៅទីក្រុង អកលែនដ៍ (Oakland) កាលពីថ្ងៃសុក្រកន្លងទៅ។

ជាមួយគ្នាជាងពាក់កណ្តាលនៃរដ្ឋទាំង៥០របស់សហរដ្ឋអាមេរិក សុទ្ធតែបានចល័តកងកម្លាំងឆ្មាំការពារជាតិប្រចាំរដ្ឋរបស់ពួកគេ ដើម្បីឆ្លើយតបចំពោះភាពចលាចលដែលបាននិងកំពុងកើតឡើងនេះ៕