(ភ្នំពេញ)៖ អស់រយៈពេលជាច្រើនខែមកហើយ ដែលជំងឺកូវីដ១៩ បានវាយប្រហារលើពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជា បានរងផលប៉ះពាល់ជំងឺរាតត្បាតនេះ។ អ្វីដែលជាការចាប់អារម្មណ៍ខ្លាំងនោះ វត្តមាននៃជំងឺនេះបានបង្រៀនពិភពលោក ជាពិសេសកម្ពុជាពីមេរៀន ការពង្រឹងឯករាជភាព «ខ្លួនទីពឹងខ្លួន»។

នេះជាការលើកឡើងរបស់លោកបណ្ឌិត ម៉ី កល្យាន ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថាន CDRI ថ្លែងឲ្យដឹងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News។ ក្នុងកិច្ចសម្ភាសនេះលោកបណ្ឌិត ម៉ី កល្យាន ក៏បានលើកឡើងអំពីបញ្ហា នៃការប៉ះពាល់សេដ្ឋកិច្ចរបស់កម្ពុជា បន្ទាប់ពីមានការវាយប្រហារពីជំងឺកូវីដ១៩។

លោកបណ្ឌិតលើកឡើងថា កូវីដ១៩ បានធ្វើឲ្យប៉ះពាល់សតិអារម្មណ៍របស់មនុស្សទូទៅ កាលមិនទាន់មានជំងឺកូវីដ១៩ ប្រជាជនទូទៅតែងប្រកបរបររកស៊ីជាធម្មតា ប៉ុន្ដែស្រាប់តែផ្ទុះឡើងនៃជំងឺកូវីដ១៩នេះភា្លម ធ្វើឲ្យមនុស្សម្នាពិបាកក្នុងការរកស៊ីផ្សេងៗ និងបើកភ្នែកឡើងនាំគ្នាគិតតែពីកូវីដ។

លោកបានបន្ដថា ការចូលមកនៃជំងឺកូវីដ១៩នេះ ក៏ជាការធ្វើតេស្ដមួយសម្រាប់កម្ពុជា ជាក់ស្ដែងយើងបានឃើញថា បន្ទាប់ពីផ្ទុះឡើងនៃជំងឺនេះ យើងបានឃើញពីការគ្រប់គ្រងល្អបំផុត របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ មើលឃើញពីការខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាល ក៏ដូចជាលោកគ្រូពេទ្យអ្នកគ្រូពេទ្យទាំងអស់ ដែលបានខ្នះខ្នែងព្យាបាលអ្នកជំងឺកូវីដ។

លោកបណ្ឌិត ម៉ី កល្យាន បានបញ្ជាក់ថា «ការឈានជើងចូលមករបស់ជំងឺកូវីដនេះបានបង្រៀន មេរៀនមួយសម្រាប់ប្រទេសកម្ពុជា គឺមេរៀនឲ្យចេះពង្រឹង ឯករាជភាព «ខ្លួនទីពឹងខ្លួន»។ តាំងពីមុនមកសម្ដេចតេជោ ហ៊ុន សែន បានកសាងប្រទេសដោយបាតដៃទទេ និងបន្ដកសាងរហូត ដល់បច្ចុប្បន្ន ប៉ុន្ដែពេលជំងឺកូវីដកើតឡើង ក៏បានបង្ហាញឲ្យយើងឃើញមួយផ្នែកទៀតថា តើកម្ពុជាមានកន្លែងណាខ្វះខាត? ជាក់ស្ដែងដូចរឿងសុខាភិបាលនៃកម្ពុជា ច្បាស់ណាអ្នកជំងឺត្រឹមតែជាង១០០នាក់ យើងអាចព្យាបាលបាន ប៉ុន្ដែបើអ្នកជំងឺមាន១ពាន់នាក់, ១ម៉ឺននាក់ តើយើងគួរដោះស្រាយដោយរបៀបណា? ទាំងនេះជារឿងដែលបានធ្វើឲ្យយើងគិតពី ការទីពឹងខ្លួនឯង ដើម្បីការពារប្រទេសបន្ដទៀត»។

លោកបណ្ឌិតបន្ដថា ពីមុននៅពេលមានបញ្ហា ឬជំងឺអ្វីមួយអ្នកដែលមានជីវភាពធូធារ តែងតែសម្រុកទៅព្យាបាលនៅប្រទេសវៀតណាម, ថៃ ប៉ុន្ដែពេលនេះគេបានបិទប្រទេសគេអស់ ដូច្នេះមានជម្រើសតែមួយគត់ គឺពឹងផ្អែកទៅពេទ្យខ្មែរ។ សារខ្លួនទីពឹងខ្លួនជាសារដ៏ល្អបំផុត ទៅលើការវិនិយោគ, បច្ចេកទេស, សុខាភិបាល, បច្ចេកវិទ្យា, ការអប់រំ និងការសិកម្មជាដើម គឺត្រូវរំពឹងខ្លួនទីពឹងខ្លួន ក្នុងពិភពលោកនេះគ្មានប្រទេសណា ពឹងលើខ្លួនឯង១០០ភាគរយនោះទេ តែយើងគួរពឹងលើខ្លួនឯងឲ្យបានច្រើន ពីមុនយើងពឹងគេបានច្រើន តែពេលនេះយើងត្រូវពឹងខ្លួនឯងឲ្យច្រើនជាងគេពី៥០-៦០ភាគរយ៕