(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ព្រមានធ្ងន់ៗថា ចាប់ខ្លួនទាំងអស់ចំពោះជនណាដែលបម្រើឱ្យយុទ្ធនាការ របស់មេដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេស ដែលចង់ឱ្យធនាគារទាំងអស់នៅកម្ពុជាដួលរលំ តាមផែនការទុរយសរបស់ខ្លួន និងប្រកាសវាយបង្ក្រាបមិនដកដៃជាដាច់ខាត។

ការមានប្រសាសន៍ធ្ងន់ៗបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅបន្ទាប់ពីមានក្រុមប្រឆាំងនៅក្រៅស្រុកមួយក្តាប់តូច បង្ហោះសារញុះញង់ ឱ្យប្រជាពលរដ្ឋបញ្ឈប់ការប្រាក់ដែលខ្លួន បានខ្ចីពីធនាគារ ដោយយកលេសថាខ្លួនជួបបញ្ហាសេដ្ឋកិច្ច ដោយសារតែបញ្ហាវីរុសកូវីដ១៩។

នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលសម្តេចបានសំណេះសំណាលជាមួយមន្ត្រី និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បុរសខ្លាំងនៃកម្ពុជារូបនេះ បានព្រមានធ្ងន់ៗយ៉ាងដូច្នេះថា៖ «ការត្រៀមឧបករណ៍ផ្តល់ហិរញ្ញប្បទានបន្ថែម ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងត្រៀមថវិការហូតដល់ ៥០០លានដុល្លារ អញសូមប្រាប់ហ្អ្រែង ហ្អ្រែង កុំអាល់មើលស្រាលពេក ហើយហ្អ្រែងកំពុងធ្វើចលនាម្សិលមិញនេះ ហ្អ្រែងប្រុងប្រជុំម៉ោង៨កន្លះយប់ នៅស្រុកខ្មែរ ដោយហ្អ្រែងនឹងដឹកនាំប្រជុំនៅក្រៅប្រទេស ប៉ុន្តែហ្អ្រែងត្រូវអាក់ខាន ផែនការរបស់ហ្អ្រែងចង់ធ្វើឱ្យធនាគារ នៅក្នុងប្រទេសកម្ពុជា ត្រូវដួលរលំទាំងអស់ ចរិតហ្អ្រែងនេះគឺជាចរិតបំផ្លាញជាតិពិតប្រាកដ […] ហ្អ្រែង កុំភ្លេចណាហ្អ្រែង ចង្អល់ឱ្យអ្នកណាធ្វើការខាងក្នុងប្រទេសអញចាប់អ្នកណុងទាំងអស់ អញប្រាប់តែប៉ុណ្ណឹងទេ បើហ្អ្រែងចង់ឱ្យអាអ្នកខាងក្នុងជាប់គុកហ្អ្រែងចង្អល់ឱ្យអាអ្នកខាងក្នុងធ្វើទៅ វិទ្ធង្សនាសេដ្ឋកិច្ច ស្មើនឹងការធ្វើភេរវកម្ម ហ្អ្រែងចង្អល់មកអាខាងក្នុងអញចាប់អាខាងក្នុង អញប្រកាស»

ជាមួយគ្នានេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំប្រទេសតាំងពីបាតដៃទទេររហូតឱ្យមានការរីកចម្រើនដូចបច្ចុប្បន្ននេះ ក៏បានផ្តាំទៅក្រុមប្រឆាំងដែលរត់គេចខ្លួន នៅក្រៅប្រទេសឱ្យចាំមើលឱ្យច្បាស់ថា បើមានធនាគារណាមួយដួលនៅកម្ពុជា ដោយសារកូវីដ១៩ ដូចតែខ្លួនបានសើចចំអកស្តែងៗនៅក្រៅប្រទេស ហើយខ្លួនជាខ្មែរ បែរជាមិនគំនិតទុរយស មិនខ្វល់ពីការលំបាករបស់ប្រជាជនខ្មែរ ក្នុងពេលប្រទេសជាតិ ក៏ដូចជាពិភពលោកទាំងមូលបានជួបនូវវិបត្តិរាតត្បាតដោយសារតែវីរុស១៩។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ផែនការរបស់ក្រុមប្រឆាំងក្រៅប្រទេសគឺចង់ឱ្យធនាគារនៅកម្ពុជាដួលទាំងអស់ ដើម្បីបមពេញមហិច្ចតាដ៏លាមករបស់ពួកគេ ចង់ឱ្យប្រជាជន និងប្រទេសជាតិជួបការលំបាក បន្ថែមពីក្រុមប្រឆាំងផ្គាប់មុខនេះ តាំងពីដើមមកដែលតម្កល់ផលប្រយោជន៍ជាតិជាធំនោះទេ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាទៅសមត្ថកិច្ចទាំងអស់ឱ្យប្រមូលព័ត៌មានទាំងអស់ពាក់ព័ន្ធនឹងទង្វើដ៏ស្មោកគ្រោកទាំងនេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ហើយសម្តេចបញ្ជាក់ថា ទង្វើទាំងនេះ គឺស្មើរនឹងបទល្មើសភេរវកម្មប្រចាំជាមួយរាជរដ្ឋាភិបាល ផងដែរ។

បន្ថែមពីនេះ បុរសខ្លាំងកម្ពុជា បានប្រកាសវាយបង្ក្រាបក្រុមប្រឆាំងទាំងឡាយណាដែលមានគំនិតបំផ្លិចបំផ្លាញជាតិ មិនលើកលែងឱ្យជាដាចខាត ប្រសិនបើហ៊ានប្រព្រឹត្ត អំពើអុជអាល់ដល់ប្រជាជនមិនឱ្យសងលុយធនាគារ ដែលខ្លួនបានខ្ចី ដើម្បីធ្វើឱ្យធនាគាររលំ តាមផែនការណ៍ទុរយសរបស់ខ្លួន គឺមិនទុកឱកាសឱ្យក្រុមអគិតនេះជាដាច់ខាត ហើយរឿងសិទ្ធិមនុស្ស គឺទុកមួយឡែកសិន៕