(ភ្នំពេញ)៖ តាមរយៈទំព័រហ្វេសប៊ុក របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បានបង្ហាញថា ទោះជាមានការសង្កេត ឃើញជាទូទៅថា ចំនួនករណីអ្នកឆ្លងជំងឺកូវីដ-១៩ មានការថយចុះយ៉ាងខ្លាំង នៅកម្ពុជាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តពង្រឹងការទប់ស្កាត់ ការរីករាលដាលនៃជំងឺនេះ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។

ដោយឡែក មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានបង្កើតឡើងដោយរជរដ្ឋាភិបាល ដើម្បីកៀរគរអំណោយ ឧបត្ថម្ភធន និងវិភាគទានពីប្រភពស្របច្បាប់នានា ធានាចីរភាព នៃកិច្ចដំណើរការជាប្រក្រតី ប្រកបដោយនិរន្តរភាព ដើម្បីបម្រើដល់គោលនយោបាយ លើកកម្ពស់សុខមាលភាពសង្គម របស់រាជរដ្ឋាភិបាល ក៏មិនបាននៅស្ងៀមដែរ។

មូលនិធិគន្ធបុប្ផាកម្ពុជា មិនត្រឹមតែខិតខំក្នុងការបន្តកៀរគរថវិកាបរិច្ចាគ ពីសម្បុរសជន ដើម្បីរួមគ្នានាំភាពញញឹម ដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាង របស់កម្ពុជា ប៉ុណ្ណោះទេ ថែមទាំងបានសហការយ៉ាងជិតស្និទ និងជាប្រចាំ ជាមួយមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ សៀមរាប ក្នុងការផ្សព្វផ្សាយសារអប់រំផ្សេងៗ ក្នុងគោលដៅទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ទៀតផង ទាំងតាមរយៈទំព័រហ្វេសប៊ុករបស់ផ្លូវការរបស់ខ្លួន ទាំងតាមតាមរយៈផ្ទាំងផ្សព្វផ្សាយនានា នៅតាមទីសាធារណៈ ជាពិសេសនៅតាមបរិវេណនៃមន្ទីរពេទ្យគន្ធបុប្ផាទាំង០៥ ទីតាំង។

មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បន្តអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាចូលរួមបន្តថែទាំសុខភាព និងប្រកាន់ខ្ជាប់នូវវិធានការអនាម័យ ដើម្បីខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង ដោយលាងសម្អាតដៃឲ្យបានញឹកញាប់, បរិភោគអាហារឆ្អិនល្អ, ពិសារទឹកឱ្យបានគ្រប់គ្រាន់, ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់, ពាក់ម៉ាស, និងជាពិសេសកុំភ្លេចរក្សាគម្លាតសុវត្ថភាព៕