(សៀមរាប)៖ ក្រុមការងារចុះបញ្ជីបេតិកភណ្ឌរូបីនៃអាជ្ញាធរជាតិអប្សរា សម្រេចចុះបញ្ជីវត្ថុសិល្បៈបានចំនួន ៧១១ បំណែក ដែលប្រមូលបានពីប្រជាជន និងនៅតាមប្រាសាទទាំង ៩១ ក្នុងរមណីយដ្ឋានអង្គរឱ្យមានសុវត្ថិភាព និងមានអត្តសញ្ញាណត្រឹមត្រូវ សម្រាប់ជាប្រយោជន៍ប្រើប្រាស់ទៅថ្ងៃក្រោយ។

លោក ឈូក សុម៉ាឡា មន្ត្រីទទួលបន្ទុកចុះបញ្ជីបេតិកភណ្ឌរូបី នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា បំណែកវត្ថុសិល្បៈទាំង ៧១១ បំណែកដែលក្រុមការងារបានចុះបញ្ជីសារពើភណ្ឌរួចរាល់នោះ គឺភាគច្រើនជាចម្លាក់ធ្វើពីថ្មភក់ មានសិលាចារឹក ចម្លាក់ទេវរូប បល្ល័ង្ក ឬជើងទម្រ បំណែកផ្តែរ បំណែកហោជាង បំណែកសសរពេជ្រ បំណែកក្បាច់លម្អផ្សេងៗ កុលភាជន៍ និងវត្ថុធ្វើពីលោហៈមួយចំនួនទៀត។ ក្រៅពីការចុះបញ្ជីវត្ថុសិល្បៈដែលបានទទួលពីប្រជាជន និងកំណាយស្រាវជ្រាវផ្សេងៗខាងលើ ក្រុមចុះបញ្ជីក៏បានចុះបញ្ជីវត្ថុសិល្បៈដែលនៅជុំវិញបរិវេណប្រាសាទទាំង ៩១ បានមួយចំនួនដែរ។

ការចុះបញ្ជីវត្ថុសិល្បៈដែលនៅតាមប្រាសាទទាំង ៩១ នេះ គឺមានគោលបំណងចងក្រងឯកសារ កំណត់អត្តសញ្ញាណវត្ថុសិល្បៈទាំងនោះ ដើម្បីចូលរួមទប់ស្កាត់ការចល័ត ឬបាត់បង់ដោយប្រការណាមួយជាយថាហេតុ។ នៅក្នុងទម្រង់នៃការកំណត់អត្តសញ្ញាណនេះ គឺបានផ្តល់ព័ត៌មានយ៉ាងជាក់លាក់អំពីប្រភេទចម្លាក់ ប្រភព វត្ថុធាតុ ទំហំ ទីតាំង កាលបរិច្ឆេទ ថតរូប និងការពិពណ៌នាផ្សេងៗ ហើយព័ត៌មានទាំងនេះឯងដែលអាចជួយសម្រួលដល់ការងារជួសជុល និងការទាមទារត្រលប់មកវិញក្នុងករណីបាត់បង់ណាមួយ។

លោក សុម៉ាឡា បន្តទៀតថា ការងារចុះបញ្ជីពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការរក្សាកេរមរតកបេតិកភណ្ឌ ដ្បិតអតីតរាជធានីយសោធរបុរៈនៃចក្រភពអង្គរ មានវិសាលភាពធំធេងណាស់ ហើយនៅមានវត្ថុសិល្បៈជាច្រើនទៀតដែលកំពុងនៅរាយប៉ាយលើដី និងក្រោមដី ដែលត្រូវបន្តចុះបញ្ជីកំណត់អត្តសញ្ញាណវត្ថុទាំងនោះជាបន្តបន្ទាប់។

តួយ៉ាងដូចជាថ្មីៗនេះ ក្រុមការងារចុះបញ្ជីសារពើភណ្ឌបានប្រមូលចម្លាក់ព្រះពុទ្ធបដិមា និងវត្ថុសិល្បៈផ្សេងទៀតដែលមានចំនួន ៥៣១ បំណែកពីរោងឆ្មាំខាងត្បូងប្រាសាទអង្គរវត្ត យកមករក្សាទុកនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការសិក្សាបន្ថែមរង់ចាំការងារជួសជុលនាពេលខាងមុខ។ កិច្ចការចុះបញ្ជីវត្ថុសិល្បៈបេតិកភណ្ឌរូបីនៅក្នុងរមណីយដ្ឋានអង្គរនៅតែបន្តជាប្រចាំ ដើម្បីចូលរួមថែរក្សា និងការពារវត្ថុសិល្បៈនានានៅតាមប្រាសាទទាំង ៩១ ឱ្យមានអត្តសញ្ញាណច្បាស់លាស់ ទប់ស្កាត់ការចល័តនិងការបាត់បង់៕