(ភ្នំពេញ)៖ ក្មេងស្រីវ័យ១៥ឆ្នាំម្នាក់ ដើររកការងារធ្វើ ប៉ុន្តែដោយនាងមិនទាន់គ្រប់អាយុទើបគ្មានក្រុមហ៊ុនណាមួយហ៊ានទទួលយកឱ្យចូលធ្វើការសោះព្រោះគ្មានអ្នកធានា បន្ទាប់មកនាង បានជួបជាមួយបុរសអ្នករត់ម៉ូតូឌុបម្នាក់ ហើយប្រាប់ថា ចាំគាត់ជួយធានាឱ្យបានចូលធ្វើការ ប៉ុន្តែបែរជាត្រូវបុរសនោះដឹកចូលទៅក្នុងផ្ទះសំណាក់រួចចាប់រំលោភ សេពសន្ធវៈរហូតបានសម្រេចបាន២លើក និងប្រឹងរំលោភជាលើកទី៣ទៀត តែនាងប្រើកាំបិតបុ័ងតោកាប់ទៅលើបុរសនេះ បណ្ដាលឱ្យរងរបួសច្រើនកន្លែង។

ហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោង៩៖៤៥នាទីព្រឹកថ្ងៃទី០១ មិថុនា ឆ្នាំ២០២០ នៅក្នុងផ្ទះសំណាក់ «រស្មីជម្ពូវ័ន» ភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ភ្លាមៗ ត្រូវនគរបាលហៅរថយន្តសង្រ្គោះអង្គភាព៧១១ ដឹកទៅកាន់មន្ទីរពេទ្យភ្លាម ចំណែកក្មេងស្រីខាងលើក៏ត្រូវបាននគរបាលឃាត់ខ្លួននាំទៅកាន់ប៉ុស្តិ៍ចោមចៅទី៣ ផងដែរ។

នគរបាលប៉ុស្តិ៍ចោមចៅទី៣ បានប្រាប់ថា ក្មេងស្រីខាងលើនោះឈ្មោះ ណ ស.ន អាយុ១៥ឆ្នាំ មានស្រុកំណើតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ចំណែកបុរសអ្នករត់ម៉ូតូឌុបនោះ ឈ្មោះ រស់ សុផាត អាយុ៥៨ឆ្នាំ ស្នាក់នៅក្នុងវត្តពោធិ៍ចិនតុង និងមានស្រុកកំណើតនៅភូមិដកពរ ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ រងរបួសក្បាលធ្ងន់ធ្ងរ។

ក្មេងស្រីរូបនោះ បានឱ្យដឹងថា ដោយសារតែជីវភាពទីទ័លក្រនាង បានចាកចេញពីស្រុកកំណើតទៅកាន់ខេត្តឧត្តរមានជ័យស្នាក់អាស្រ័យផ្ទះមិត្តភក្ដិធ្វើជាកម្មករស៊ីឈ្នួលដាំឡូង និងបេះផ្លែស្វាយឱ្យគេ ប៉ុន្តែ បានត្រឹមរយៈពេល១ខែប៉ុណ្ណោះ ក៏អស់ការងារធ្វើ នាងក៏សម្រេចចិត្តចាកចេញពីខេត្តឧត្តរមានជ័យ មករកការងារធ្វើនៅឯរាជធានីភ្នំពេញវិញ។

នាងបានដើររកតាមកន្លែងនានា គេសុទ្ធតែអត់ទទួលយកឡើយព្រោះតែនាងមិនទាន់គ្រប់អាយុ ហើយបើចូលបានទាល់តែមានអ្នកជួយធានា នាងអស់សង្ឃឹម និងបានទៅសុំយាយជីស្នាក់នៅបណ្ដោះអាសន្ន ក្នុងវត្តពោធិ៍ចិនតុងសិន។

រហូតដល់វេលាល្ងាចថ្ងៃទី៣១ ខែឧសភា នាងបានជួបបុរសឈ្មោះ រស់ សុផាត ហើយពេលបានឃើញនាងជាមនុស្សគ្មានទីពឹងមកពីចម្ងាយម្នាក់ឯងបែបនេះ បុរសនោះបាននិយាយលួងលោម សុំនាងរួមរ័ក ដោយប្រាប់ថាចាំគាត់ ឱ្យលុយ២០ដុល្លារ។ ប៉ុន្តែនាងអត់ព្រមឡើយព្រោះនាងពុំមែនជាស្រីលក់ខ្លួនទេ លុះដល់វេលាម៉ោង១២យប់ថ្ងៃដដែល ខណៈនាងកំពុងតែដេកស្រាប់តែបុរសនេះ ទៅស្ទាប ធ្វើឱ្យនាងភ័យ និងអត់បានដេកពេញ១យប់ថែមទៀត។

ក្មេងស្រីខាងលើ បានបន្តថា រហូតមកដល់ព្រឹកថ្ងៃកើតហេតុថ្ងៃទី០១ ខែមិថុនា បុរសនេះបានប្រាប់នាងថា ចាំគាត់ជួយធានាឱ្យបានចូលធ្វើការ ក្រោយមកបានជិះម៉ូតូឌុបនាង ទៅរកកន្លែងធ្វើការ និងពឹងឱ្យនាងជួយម៉ាស្សាឲ្យគាត់ ចាំគាត់ឲ្យលុយ២០ដុល្លារ។ ពេលនោះដោយសារតែត្រូវការរកការងារធ្វើហើយបុរសនេះជួយធានាឱ្យទៀតនោះ នាងក៏យល់ព្រមទៅជាមួយ ហើយបុរសនោះបានឌុបនាងចូលទៅក្នុងផ្ទះសំណាក់ «រស្មីជម្ពូវ័ន» តែម្ដង។

លុះពេលចូលទៅដល់ក្នុងផ្ទះសំណាក់ហើយបុរសនេះបានចូលទៅងូតទឹក ចេញមកវិញស្លៀកកន្សែង និងឱ្យនាងចូលទៅងូតទឹកម្ដង ក្រោយមកគាត់បានឱ្យនាងជួយម៉ាស្សាឱ្យ ហើយខណៈនាងកំពុងតែម៉ាស្សាឱ្យ ស្រាប់តែបុរសនេះ ចាប់រំលោភនាងរហូតបានសម្រេចជាលើកទី១។

ក្មេងស្រីរងគ្រោះ បានបន្ថែមទៀតថា មួយសន្ទុះក្រោយមកខណៈដែលបុរសខាងលើ ចូលទៅក្នុងបន្ទប់ទឹកនាងបានរៀបចំឥវាន់ ដើម្បីចាកចេញពីបន្ទប់ ស្រាប់តែបុរសនោះស្ទុះចេញពីក្នុងបន្ទប់ទឹក ចាប់នាងរំលោភម្ដងទៀត បានសម្រេចជាលើកទី២ទៀត ហើយពេលនោះនាងបានខំរើបម្រាស់ និងស្រែកឱ្យគេជួយអស់ពីសមត្ថភាព ប៉ុន្តែអត់មាននរណាឮឡើយ។

នាងមិនអាចរើរួចពីកណ្ដាប់ដៃបុរសនោះទេ ហើយបន្តិក្រោយមកបុរសនេះបានចាប់នាងរំលោភជាលើកទី៣ទៀត ប៉ុន្តែនាងបានអង្វរគាត់ និងប្រាប់ឲ្យគាត់ដេកផ្កាប់មុខនាងម៉ាស្សាឱ្យសិន ចាំរួមរក្សគ្នាទៀត គាត់ក៏ព្រមតាមទើបនាងមានឱកាសយកកាំបិតពីក្នុងកាបូបកាប់ទៅលើគាត់តែម្ដង បើមិនដូច្នេះទេ ពុំដឹងថា ត្រូវគាត់រំលោភប៉ុន្មានដងទៀតឡើយ។

ក្រោយពេលកើតហេតុនគរបាល ប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅកន្លែងកើតហេតុឃាត់ខ្លួនក្មេងស្រីខាងលើនាំទៅកាន់ប៉ុស្តិ៍ ដើម្បីសាកសួរ និងកសាងសំណុំរឿងចំណែកបុរសនោះរបួសធ្ងន់ និងត្រូវបានរថយន្តសង្រ្គោះអង្គភាព៧១១ ដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ៕