(សៀមរាប)៖ នៅរយៈពេល៥ខែដំបូង ឆ្នាំ២០២០នេះ កម្ពុជាទទួលបានចំណូលជាង១៨លានដុល្លារអាមេរិក ពីការលក់សំបុត្រឲ្យភ្ញៀវបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ។

គ្រឹះស្ថានអង្គរ បានឲ្យដឹងថា នៅរយៈពេល៥ខែ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២០ ភ្ញៀវបរទេសចំនួន៣៨៦,០៩៣នាក់ បានទិញបណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ធ្លាក់ចុះ៦៥.៤៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ ចំណែកឯប្រាក់ចំណូលវិញ រយៈពេល៥ខែឆ្នាំនេះ ទទួលបានចំនួន១៨,០២១,៣៣៦ដុល្លារ ធ្លាក់ចុះ៦៤.១៨ភាគរយ។

សម្រាប់ប្រាក់ចំណូលជាង១៨លានដុល្លារនេះ ត្រូវដកចំនួនជាង៧៧ម៉ឺនដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភដល់មូលនិធីគន្ធបុប្ផាកម្ពុជា ដើម្បីជួយសម្រួលដល់ដំណើរការ ព្យាបាលកុមារ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។

សូមជម្រាបថា ដើម្បីអនុវត្តវិធានការ សម្រួលផលប៉ះពាល់មកលើវិស័យទេសចរណ៍ នៅខេត្តសៀមរាប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ថែមចំនួនថ្ងៃ ជូនភ្ញៀវទេសចរបរទេស ដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។

រាជរដ្ឋាភិបាល បានសម្រេចពន្យាររយៈពេលចូលទស្សនាតំបន់អង្គរ សម្រាប់ភ្ញៀវទេសចរបរទេស តាមប្រភេទសំបុត្រដូចខាងក្រោម៖

១៖ សំបុត្រសម្រាប់រយៈពេល១ថ្ងៃ អាចចូលទស្សនាបានរយៈពេល២ថ្ងៃ
២៖ សំបុត្រសម្រាប់រយៈពេល៣ថ្ងៃ អាចចូលទស្សនាបានរយៈពេល៥ថ្ងៃ
៣៖ សំបុត្រសម្រាប់រយៈពេល៧ថ្ងៃ អាចចូលទស្សនាបានរយៈពេល១០ថ្ងៃ

ការអនុវត្តន៍បន្ថែមចំនួនថ្ងៃជូនភ្ញៀវទេសចរនេះ មានរយៈពេល៤ខែចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០តទៅ៕