(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះ កងកម្លាំងចម្រុះក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់បារ៉ាស់នៅចំណុចមុខទីស្នាក់ការគយ ចម្ងាយពីរង្វង់មូល ៥០ម៉ែត្រ ដែលស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ការពារបងប្អូនអាជីវករ ដែលចង់ធ្វើបាតុកម្មទាមទារបិទផ្លូវមិនឱ្យរថយន្តភាគីថៃឆ្លងកាត់។

សមត្ថកិច្ចបានឲ្យដឹងថា ការដាក់បារ៉ាស់នេះដឹកនាំដោយលោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក អ៊ី ចំរើន នាយប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត អាជ្ញាធរខេត្តបន្ទាយមានជ័យ រួមទាំងកម្លាំងសមត្ថកិច្ចចម្រុះ ដោយបានត្រៀមទប់ស្កាត់ការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋ ទាមទារបិទច្រកមិនឱ្យរថយន្តដឹកទំនិញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា។

សមត្ថកិច្ច បានបញ្ជាក់ថា នៅរសៀលថ្ងៃនេះអាជ្ញាធរខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តស្រះកែវ ប្រទេសថៃ នឹងជួបពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហានេះផងដែរ៕