(កណ្ដាល)៖ លោក ចាន់ សារិន នាយកអង្គការជំនួយ នៃក្ដីសង្ឃឹមសំរាប់សហគមន៍ ដែលធ្វើការទៅលើកុមាខ្សោយសតិបញ្ញា និងកុមារអូទីហ្សឹម បានប្ដេជ្ញាថា គោរពតាមប្រមុខរាជរដ្ឋាភិបាល ក្នុងការការពារកុមារពីវីរុសកូវីដ១៩ ខណៈដែលសកម្មភាព នៃការយកចិត្តទុកដាក់ចំពោះកុមារត្រូវបានធ្វើឡើងយ៉ាងខ្ចាប់ខ្ចួន។

លោក ចាន់ សារិន ក្នុងបទសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បានរៀបរាប់ថា ក្រុមការងាររបស់អង្គការបានចាត់ ចែងបញ្ជូនក្មេងៗឱ្យទៅ នៅជាមួយអាណាព្យាបាលមួយរយៈសិន ចាប់តាំងពីក្រសួងបានប្រកាសផ្អាកសាលារួចមក ហើយការយកចិត្តទុកដាក់ចំពោះកុមារទាំងនោះ ត្រូវបានធ្វើឡើងដល់គេហដ្ឋានតែម្ដង ដោយមិនបណ្ដោយ ឱ្យមានការធ្វេសប្រហែសឡើយ។

លោកបន្តទៀតថា ទន្ទឹមនឹងសារអំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងវីរុសកូវីដ១៩នេះ លោកនឹងក្រុមការងារ ក៏បានចុះសហគមដើម្បីសព្វផ្សាយពីវិធាន ការការពារវីរុសកូវីដ១៩នេះ ជាហូរហែរមកហើយនៅតាមបណ្ដាស្រុកមួយចំនួន នៅក្នុងខេត្តកណ្ដាល ហើយនឹងនៅតែបន្តធ្វើរហូតទៅលទ្ធភាព។

លោក ចាន សារិន ក៏បានអំពាវនាវពលរដ្ឋទាំងអស់សូមកុំមានការធ្វេសប្រហែស ត្បិតកម្ពុជាយើងមានសមត្ថភាពខ្លាំងក្នុងការគ្រប់គ្រងការឆ្លង និងព្យាបាលជាសះស្បើយ ស្ទើរតែ១០០%មែនពិត ប៉ុន្តែសូមពលរដ្ឋបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីរួមគ្នាបង្ការនិងទប់ស្កាត់ការឆ្លងមេរោគនេះជាសហគម៕