(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងជាប្រធានក្រុមការងារ ស.ស.យ.ក ចុះជួយស្រុកកំពង់រោទិ៍ បានក្រើនរំឮកដល់ ស.ស.យ.ក ស្រុកកំពង់រោទិ៍ ត្រូវពង្រីកសមាជិកភាពបន្ថែមទៀត ព្រមទាទាំងពង្រឹងសមាជិកភាពដែលមានស្រាប់ ជាពិសេសសកម្មភាពមនុស្សធម៌ និងការងារសង្គម និងបន្តចុះកម្មវិធីចុះអប់រំផ្សេងៗ។

ការក្រើនរំឮកបែបនេះ របស់លោក តូច ប៉ូលីវ៉ា បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាតំណាងលោក ឌី វិជ្ជា ប្រធាន ស.ស.យ.ក ខេត្ត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈកម្មាធិការ ស.ស.យ.ក ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងសំណេះសំណាលសួរសុខទុក្ខនិងចែកមួកសុវត្ថិភាព ដល់គណៈកម្មាធិការ ឃុំទាំង១១ និងយុវជនឆ្នើមចូលរួមគ្រប់សកម្មភាពសង្គម នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក លោកស្រីក្រុមការងារ ស.ស.យ.ក ចុះជួយស្រុក លោក លោកស្រី ជាគណៈកម្មាធិការ ស.ស.យ.ក ស្រុក ឃុំ ជនបង្គោលភូមិ យ៉ាងច្រើនផងដែរ។

នាឱកាសនោះដែរ លោក តូច ប៉ូលីវ៉ា ក៏បាននាំយកនូវមតិផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងលោក ឌី វិជ្ជា ប្រធាន ស.ស.យ.ក ខេត្ត មកសំណេះសំណាកសួរទុក្ខដល់ យុវជន ស.ស.យ.ក ផងដែរ។

លោក តូច ប៉ូលីវ៉ា ក៏បានផ្តាំផ្ញើរដល់យុវជន ស.ស.យ.ក ត្រូវបន្តអនុវត្តសកម្មភាពរបស់គណៈកម្មាធិការ ស.ស.យ.ក ស្រុក ឃុំ ភូមិ និងពង្រីកវិសាលភាពនៃការអនុវត្តការងារកាន់តែទូលាយ ពិសេសសកម្មភាពមនុស្សធម៌ និងការងារសង្គម និងបន្តចុះកម្មវិធីចុះអប់រំផ្សេងៗ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យចេះអនាម័យការពារខ្លួនដោយត្រូវពាក់ម៉ាស និងលាងដៃជាមួយអាល់កុល ជេល និងទឹកសាប៊ូ ការពារកុំឆ្លងជំងឺកូវីដ ១៩។

លោកក៏បានក្រើនរំឮកដល់សមាជិកទាំងអស់ ឱ្យចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាព នៅពេលបើកបរត្រូវពាក់ខ្សែរក្រវ៉ាត់ និងមានឯកសារពាក់ព័ន្ធ ដាក់ភ្ជាប់តាមខ្លួនជានិច្ច បន្តអនុវត្តទៅតាម សសរស្តម្ភទាំង ៩ របស់ ស.ស.យ.ក ព្រមទាំងយកចិត្តទុកដាក់ចំពោះសមាជិក សមាជិកា ដែលមានភាពខ្វះខាត ដោយផ្តល់ឱកាសផ្តល់សិក្សា បណ្តុះបណ្តាលវិជ្ជាជីវ និងស្វែងរកការងារផ្តល់ជូន ដើម្បីលើកកម្ពស់ជីវភាពក្រុមគ្រួសារ និងមូលដ្ឋាន៕