(បាត់ដំបង)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំ និងក្រើនរំលឹក ឲ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តបាត់ដំបង ត្រូវបន្តកិច្ចសហការជាមួយអាជ្ញាធរខេត្ត អនុវត្តការងារវិមជ្ឈការ និងវិសហមជ្ឈការ និងខិតខំប្រឹងប្រែង បំពេញភារកិច្ចជូនជាតិ និងប្រជាពលរដ្ឋដោយស្មោះត្រង់។

ការណែនាំ និងក្រើនរំលឹករបស់ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានធ្វើឡើងក្នុងពេលអញ្ជើញ ជួបសំណេះសំណាលជាមួយ​ មន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តបាត់ដំបង នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ដែលមានការចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានផ្តល់គោលការណ៍ណែនាំ លើការងារសំខាន់ៗមួយចំនួន ដែលមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ត្រូវយកចិត្តទុកដាក់ខិតខំសម្រេចឲ្យបាន។

លោករដ្ឋមន្ត្រី បានជំរុញឲ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ត្រូវខិតខំបំពេញតួនាទី និងភារកិច្ចរបស់មន្ទីរពាណិជ្ជកម្ម ដែលជាអង្គភាពរដ្ឋបាល តំណាងឲ្យក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកអនុវត្តវិស័យពាណិជ្ជកម្ម នៅថ្នាក់ក្រោមជាតិ និងសម្របសម្រួល តាមសកម្មភាពរបស់ក្រសួង។

លោកបន្ដថា បន្ថែមពីលើនោះ ត្រូវចុះត្រួតពិនិត្យគុណភាពទំនិញ និងសេវាកម្ម ឲ្យកាន់តែសកម្មថែមទៀត ដើម្បីការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ កំឡុងពេល ការរាត្បាតនៃជំងឺកូវីដ១៩នេះ និងត្រូវពង្រឹងការអនុវត្តលិខិតបទដ្ឋាន គតិយុត្តថ្មីៗនានា ដែលទាក់ទងនឹងក្រសួងពាណិជ្ជកម្ម តួយ៉ាងដូចជាការគ្រប់គ្រង ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក ដែលច្បាប់នេះ ទើបតែដាក់ឲ្យប្រើប្រាស់ ហើយអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម កំពុងរៀបចំនីតិវិធី សម្រាប់គ្រប់គ្រងការងារនេះ។

លោករដ្ឋមន្ត្រី បានបន្តទៀតថា មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ខេត្ត ត្រូវសហការជាមួយអាជ្ញាធរដែនដី ចុះពង្រឹងការអនុវត្តបទប្បញ្ញត្តិនានា ទាក់ទងនឹងការលើកស្លាកយីហោ ភោជនីយដ្ឋាន ស្ថានីយ៍ប្រេងឥន្ធនៈ ផ្ទះសំណាក់ សណ្ឋាគារ កន្លែងកំសាន្ត និងទីតាំងផេ្សងៗទៀត ដែលមានលក្ខណៈ មិនសមស្របតាមលក្ខណៈបចេ្ចកទេស -ល- និងត្រូវសហការ ជាមួយអាជ្ញាធរខេត្ត អនុវត្តការងារវិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាលអំពី ការកាត់មន្រ្តីថ្នាក់ស្រុក របស់គ្រប់មន្ទីរ ក្រសួង ស្ថាប័នទំាងអស់។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសង្កត់ធ្ងន់ថា មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ខេត្ត ត្រូវចេះម្ចាស់ការដោយខ្លួនឯង កុំចាំតែក្រុមការងារពង្រឹងមន្ទីរ ថ្នាក់ជាតិចុះមកធ្វើ។ ជាពិសេសត្រូវពិនិត្យ និងតាមដានតម្លៃទំនិញ និងតម្លៃតាមស្ថានីយ៍ប្រេងឥន្ធនៈ ដែលបានកំណត់តារាងតម្លៃ ដែលចេញដោយក្រសួង៕