(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្ដិ បានថ្លែងថា អ្នកដំណើរពីក្រៅប្រទេសប្រមាណជិត២,០០០នាក់ ដែលត្រឡប់ចូលមកកម្ពុជា បានធ្វើតេស្ដរកមេរោគកូវីដ១៩ទាំងអស់ គិតចាប់ពីកម្ពុជាអនុញ្ញាតឱ្យជនបរទេសមកពីប្រទេសចំនួន៦ ដែលហាមចូលកន្លងមក អាចចូលមកកាន់ប្រទេសជាធម្មតាវិញចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

ក្នុងចំណោមទាំងជិត២,០០០នាក់នេះ គឺមានតែ៣នាក់ប៉ុណ្ណោះ ដែលវិជ្ជមានកូវីដ១៩ នឹងទទួលបានការតាមដានសុខភាពយ៉ាងយកចិត្ដទុកដាក់បំផុត ពីមន្ដ្រីសុខាភិបាលរបស់យើង។ ក្នុងចំណោម៣នាក់ ដែលវិជ្ជមានកូវីដ១៩នេះ ក៏បានជាសះស្បើយម្នាក់ត្រឡប់ទៅគេហដ្ឋានវិញផងដែរ។

លោកស្រី យក់ សម្បត្ដិ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះទៀតថា «គិតចាប់ពីថ្ងៃទី២០ ខែឧសភា មកដល់ថ្ងៃទី០១ មិថុនានេះទាំងអ្នកទេសចរណ៍ អ្នកជំនួញ គ្រប់ជាតិសាសន៍ទាំងអស់ សរុបជិត២,០០០នាក់ ដែលបានធ្វើដំណើរមកពីបណ្ដាប្រទេសផ្សេងៗត្រឡប់មកកម្ពុជា ហើយរាល់អ្នកដំណើរទាំងអស់ គឺត្រូវបានធ្វើតេស្ដរកមេរោគកូវីដ១៩ ដោយមិនលើកលែងនរណាម្នាក់ឡើយ»

ជាងនេះទៅទៀត សម្រាប់អ្នកធ្វើដំណើរបរទេសដែលចូលមកកម្ពុជា បានកំណត់ច្បាស់ថា គ្រប់អ្នកដំណើរទាំងអស់ ត្រូវអនុវត្ដតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ត្រូវមានប័ណ្ណបញ្ជាក់សុខភាពរបស់គាត់ថា គ្មានកូវីដ១៩នោះទេ ក្នុងរយៈពេល៧២ម៉ោង ត្រូវមានធានារ៉ាប់រងសុខភាព ដែលមានទឹកប្រាក់៥ម៉ឺនដុល្លារ។

លោកស្រីរដ្ឋលេខាធិការបានបញ្ជាក់ទៀតថា «អ្នកដំណើរទាំងអស់តម្រូវឱ្យបំពេញទម្រង់បែបបទ ដោយមានអាស័យដ្ឋានពិតប្រាកដ និងលេខទូរស័ព្ទទំនាក់ទំនង សម្រាប់ត្រៀមពេលដែលមន្ដ្រីសុខាភិបាល ធ្វើការតាមដានសុខភាពរបស់អ្នកដំណើរលម្អិត ដែលកន្លងមកយើងតែងតែធ្វើ និងសហការជាមួយអភិបាលរាជធានីភ្នំពេញ ប៉ូលិសអន្ដោប្រវេសន៍ និងអាជ្ញាធរសមត្ថកិច្ច»

លោកស្រីបន្ដថា «ក្រសួងនៅតែបន្ដរឹងបន្ដឹងរាល់អ្នកដំណើរ ដែលធ្វើដំណើរត្រឡប់ពីបណ្ដាប្រទេសនានា ចូលមកកម្ពុជាតាមច្រកចេញចូលទាំងអស់ ដោយមិនលើកលែងអ្នកណាឡើយ គឺត្រូវធ្វើតេស្ដរកមេរោគកូវីដ១៩ និងដាក់នៅដាច់ដោយឡែក ដើម្បីរង់ចាំលទ្ធផលទាំងការមកជាលក្ខណៈឯកជន និងព្រឹត្តិការណ៍កម្មវិធីផ្សេងៗ»

ទោះនៅថ្ងៃខាងមុខ អ្នកដំណើរតាមបណ្ដាប្រទេសផ្សេងៗត្រឡប់ចូលមកកម្ពុជាច្រើនក្ដី ក៏ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ បានត្រៀមលក្ខណៈជាស្រេច ទាំងសម្ភារបរិក្ខារ និងទីកន្លែង ដើម្បីនាំអ្នកដំណើរទាំងនោះ ទៅធ្វើតេស្ដរកមេរោគកូវីដ១៩ និងដាក់ដាច់ដោយឡែក ជាពិសេសតាមដានសុខភាពរហូតទាល់តែប្រាកដថា គ្មានកូវីដ១៩ ទើបអាចធ្វើដំណើរ ទៅជួបជុំគ្រួសារវិញ។

លោកស្រីបញ្ជាក់ទៀតថា ដើម្បីឱ្យដំណើរការការងារនេះ កាន់មានប្រសិទ្ធិភាពខ្ពស់ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង តែងតែណែនាំដាក់វិធានការជាបន្ដបន្ទាប់ លើវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជាអន្ដជាតិនៃជំងឺកូវីដ១៩ នៅតាមច្រកចេញចូល ព្រោះកន្លងមកនេះ រាល់អ្នកជំងឺកូវីដ១៩ សុទ្ធតែជាករណីនាំចូល។

សូមជម្រាបថា ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសមួយ អនុញ្ញាតឲ្យភ្ញៀវបរទេស មកពីប្រទេសចំនួន៦ រួមមាន អ៉ីរ៉ង់ អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលមកប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីត្រូវបានរដ្ឋាភិបាលកម្ពុជា បិទមិនឱ្យចូលមកកម្ពុជាឡើយ ចាប់តាំងពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០កន្លងទៅ បន្ទាប់ពីមានការផ្ទុះនូវការរីករាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំងក្លា នាពេលកន្លងមក៕