(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលរងខេត្តតំណាងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ បានចុះប្រជុំអប់រំផ្សព្វផ្សាយ អំពីច្បាប់ស្តីពីជលផល និងការជូនដំណឹងពីការបិទការនេសាទឆ្នាំ២០២០ ដល់ប្រជាពលរដ្ឋ និងប្រជានេសាទ នៅក្នុងឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីនាយខណ្ឌរដ្ឋបាលជលផល ខេត្តពោធិ៍សាត់ អាជ្ញាធរស្រុក ឃុំ និងមន្ត្រីជំនាញជលផលជាច្រើនរូបទៀតផងដែរ។

លោក ខូយ រីដា បានលើកឡើងថា ការចុះមកអប់រំផ្សព្វផ្សាយផ្សាយអំពីច្បាប់ស្ដីពីជលផល និងការជូនដំណឹងពីការបិទនេសាទដល់ប្រជាពលរដ្ឋ និងប្រជានេសាទ គឺគោលបំណងចង់ឱ្យប្រជាពលរដ្ឋ និងប្រជានេសាទ ឱ្យយល់កាន់តែច្បាស់អំពីច្បាប់ស្តីពីវិស័យជលផល និងរួមគ្នាអនុវត្តន៍ឱ្យមានប្រសិទ្ធភាព សំដៅរួមគ្នា ចូលរួមការពារ នូវធនធានជលផល ធនធានមច្ឆាជាតិឱ្យបានគង់វង្ស។

លោក ខូយ រីដា បានបញ្ជាក់ថា តាមរយៈនៃការផ្សព្វផ្សាយនេះប្រជាពលរដ្ឋក៏ដូចប្រជាសហគមន៍ នឹងបានដឹង និងយល់នូវច្បាប់ និងរួមគ្នាគោរពច្បាប់ រួមគ្នាទប់ស្កាត់រាល់ បទល្មើសនេសាទនៅ តាមមូលដ្ឋាន និងដែននេសាទរបស់ខ្លួនពិសេសគ្រប់សកម្មភាពបទល្មើសនេសាទខុសច្បាប់ត្រូវបានហាមឃាត់ និងចូលរួមគោរពច្បាប់ទាំងអស់គ្នា ពិសេសក្នុងរដូវបិទនេសាទនេះ ជារដូវពងកូនរបស់ពពួកមច្ឆាជាតិ យើងត្រូវគោរពច្បាប់ និងរួមគ្នាទប់ស្កាត់រាល់បទល្មើស និងឧបករណ៍នេសាទដែលបានហាមឃាត់ និងរួមគ្នាប្រើប្រាស់នូវឧបករណ៍នេសាទលក្ខណៈគ្រួសារ ដែលច្បាប់បានកំណត់ ដើម្បីមច្ឆាជាតិរបស់យើងបានគង់វង្ស៕