(ពោធិ៍សាត់)៖ មានករណីប៉ុនប៉ងរំលោភសេពសន្ថវៈមួយ នៅក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាវេលាម៉ោង ០៧៖០០នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។

ជនរងគ្រោះ ឈ្មោះ គ.ព.ហ.ស.ក.ញ អាយុ០៩ឆ្នាំ រស់មានទីលំនៅភូមិឃុំ កើតហេតុខាងលើ។ ជនល្មើស ឈ្មោះ វឿន វី អាយុ២៧ឆ្នាំ និងបក្ខពួកឈ្មោះ ផាន់ ផា អាយុ៤៨ឆ្នាំ ព្រមទាំងឈ្មោះ សំ បូរ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើដូចគ្នា។

បើតាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យឈ្មោះ វឿន វី និងបក្ខពួកត្រឡប់មកពីដឹកបង្គោលរបងយកទៅលក់ បានលុយក៏នាំគ្នាទិញស្រាផឹកស្រវឹងយ៉ាងខ្លាំង លុះធ្វើដំណើរដល់មុខផ្ទះនារីរងគ្រោះ ក៏នាំគ្នាឈប់គោយន្ត ហើយឃើញបងប្អូនប្រុសស្រីពីរនាក់។

ភ្លាមនោះ ក្មេងទាំង២នាក់នោះ បាននាំគ្នារត់ចូលក្នុងផ្ទះ ហើយបិទទ្វារជិត ឃើញដូចនេះជនសង្ស័យឈ្មោះ វឿន វី នឹងឈ្មោះ ផាន់ ផា បានចុះពីគោយន្តដើរសម្តៅចូលទៅក្នុងផ្ទះ ចំណែកឯឈ្មោះ សំ បូរ ដេកចាំនៅលើគោយន្ត។

សមត្ថកិច្ច បានបន្តថា ពេលចូលទៅដល់ ជនសង្ស័យឈ្មោះ វឿន វី បានលុកដៃបើកទ្វារផ្ទះ ឃើញក្មេងប្រុសស្រីទាំងពីរនាក់ អង្គុយក្បែរមាត់ទ្វារ ពុំឃើញឪពុកម្ដាយ។ ពេលនោះឈ្មោះ ផាន់ ផា ក៏បានបញ្ឆោតកុមារាឈ្មោះ គីម ចាន់មករា ថា គោឯងផ្អើលនៅខាងក្រោយផ្ទះ លឺដូចនេះក្មេងប្រុសក៏រត់នៅមើល សល់តែកុមារីឈ្មោះ គ.ព.ហ.ស.ក.ញ នៅតែម្នាក់ឯងហើយស្រែកយំយ៉ាងខ្លាំង។

ឱកាសមកដល់ ជនសង្ស័យឈ្មោះ វឿន វី ក៏ស្ទុះចូលទៅចាប់បីក្មេងស្រី ហើយយកដៃខ្ទប់មាត់កុំឲ្យស្រែក ដោយមានបំណងចង់ចាប់រំលោភសេពសន្ថវៈ ស្រាប់តែក្មេងប្រុសរត់ត្រឡប់មកវិញ ហើយស្រែកខ្លាំងៗថា មានគេចាប់ប្អូនស្រីខ្លួនហើយ «ជួយផងៗ»។

ឃើញដូចនេះ ជនសង្ស័យឈ្មោះ ផាន់ ផា រត់ទៅបើគោយន្ត ចំណែកឯជនសង្ស័យឈ្មោះ វឿន វី ក៏បានបីកុមារីឈ្មោះ គ.ព.ហ.ស.ក.ញ ដែលសន្លប់នៅលើដៃ រត់តាមគោយន្តពីខាងក្រោយ រត់បានប្រហែល ១០០ម៉ែត្រ ក៏បោះក្មេងស្រីនោះ ចោលក្នុងព្រៃក្បែរផ្ទះ រួចក៏រត់ឡើងជិះគោយន្តជិះ រហូតដល់មានតូបលក់អីវ៉ាន់ ចាប់ហួយមួយកន្លែង ក៏ឈប់ទិញស្រា និងបារី ត្រូវបានកម្លាំងសមត្ថកិច្ចក្របួចជាប់ជនសង្ស័យឈ្មោះ វឿន វី និងឈ្មោះ ផាន់ ផា បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកភ្នំក្រវាញតែម្ដង ចំណែកឯជនសង្ស័យឈ្មោះ សំ បូរ បានរត់គេចខ្លួនបាត់។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចជំនាញ បានសុំយោបល់ លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ និងបានកសាងសំណុំរឿង ចាត់ការជនសង្ស័យតាមនីតិវិធី។ ចំណែកឯវត្ថុតាង គោយន្តរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសន្ទ្រែ បណ្ដោះអាសន្ន៕