(ភ្នំពេញ)៖ បង្ហោះសារភ្ជាប់ជាមួយរូបថតអនុស្សាវរីយ៍មួយសន្លឹកតាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០នេះ បានបន្តអំពាវនាវដល់ជូនរួមជាតិ ចូលរួមថែរក្សាសន្តិភាព និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ នៅទូទាំងប្រទេស។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា បើទោះបីពេលនេះអត្រាឆ្លង នៅក្នុងប្រទេសមានកម្រិតទាបក៏ដោយ តែបងប្អូនជនរួមជាតិ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំពោះជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវនេះ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា «សូមបងប្អូនជនរួមជាតិ បន្តយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំពោះជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវ បើទោះបីពេលនេះអត្រាឆ្លង នៅក្នុងប្រទេសមានកម្រិតទាបក៏ដោយ។ យើងមិនបានភ្លេចទេ ពីការតស៊ូលំបាកគ្រប់យ៉ាងកាល ពីមុនចាប់តាំងពីសម័យសង្គ្រាម រហូតដល់ប្រទេសមានសុខសន្តិភាព និងរីកចម្រើនមកដល់សព្វថ្ងៃ។

សុំអរគុណអ្នកដែលបានបង្ហោះរូបខ្ញុំ និងក្រុមគ្រួសារ ដែលបានរំលឹកពីជីវិតនឹងការតស៊ូរបស់ខ្ញុំ ក៏ដូចជាការតស៊ូខិតខំប្រឹងប្រែងរបស់បងប្អូនជនរួមជាតិ ទម្រាំយើងបានមកដល់ដំណាក់កាលនេះ។ ដូច្នេះយើងមិនត្រូវបណោ្តយខ្លូនឲ្យរងគ្រោះថ្នាក់ ដោយសារតែការធ្វេសប្រហែសនឹងការមើលស្រាល ចំពោះស្ថានការនៃការឆ្លងរាតត្បាតជំងឺកូវីដ ១៩នោះទេ។ អរគុណបងប្អូនជនរួមជាតិ ក្នុងការចូលរួមថែរក្សាសន្តិភាព និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ នៅទូទាំងប្រទេស។ សូមជូនពរបប្អូនចៀសផុតពីជំងឺឆ្លងកូវីដ១៩ ទាំងអស់គ្នា»

សូមជម្រាបថា គិតមកដល់ពេលនេះ នៅកម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ សរុបចំនួន១២៥នាក់ (ស្ត្រី៣៩នាក់ និងបុរស៨៦នាក់) ក្នុងនោះអ្នកជំងឺ១២៣នាក់ត្រូវបានព្យាបាលជាសះស្បើយ និងចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺ២នាក់កំពុងទទួលការព្យាបាល៕