(ក្រចេះ)៖ កម្លាំងអាវុធហត្ថខេត្តក្រចេះ សហការជាមួយជំនាញរដ្ឋបាលព្រៃឈើសង្កាត់ស្នួល នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ បានបង្រ្កាបរថយន្ដកែច្នៃ ១គ្រឿង ដឹកឈើពេញព្រៀបគ្មានច្បាប់អនុញ្ញាត នៅភូមិចរចារ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

មន្រ្តីអាវុធហត្ថបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា រថយន្ដកែច្នៃ ១គ្រឿងនេះ បានដឹកឈើពេញព្រៀបពេញពីស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី ឆ្លងកាត់ខាងក្រោយក្រុមហ៊ុនឡាយព្រហស្បតិ៍ បម្រុងយកទៅលក់នៅប្រទេសវៀតណាម តែមកដល់ចំណុចចំការកៅស៊ូ ភូមិឃុំកើតហេតុខាងលើត្រូវបានសមត្ថកិច្ចធ្វើការបង្រ្កាបតែម្ដង។

លោក ផូង ឃុនឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើស្នួល បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តក្រចេះ នៅរលៀលថ្ងៃនេះថា រថយន្ដកែច្នៃ ១គ្រឿងនេះ ដឹកឈើប្រភេទសុក្រំ ឈើឃ្លុំ ពេញរថយន្ដតែម្ដង ហើយគ្មានច្បាប់អនុញ្ញាត្តនោះទេ ក៏ត្រូវកម្លាំងសមត្ថកិច្ចកំពុងនាំយករថយន្ដ ១គ្រឿងនេះ មកទុកនៅសួនអាពាពិពាហ៍ ដើម្បីធ្វើការវាស់វែង និងចាត់ការទៅតាមផ្លូវច្បាប់របស់រដ្ឋបាលព្រៃឈើ៕