(កំពង់ធំ)៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធានក្រុមការងារ ព្រមទាំងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ បានចុះសំណេះសំណាល និងដោះស្រាយបញ្ហាដីអាស្រ័យផលនៅ «តំបន់អួលួ» ជូនប្រជាពលរដ្ឋនៅស្រុកតាំងគោក ខណៈទីតាំងដីមានបញ្ហានេះគឺស្ថិតក្នុងតំបន់អភិរក្សសត្វខ្សឹបផង និងតំបន់៣ផង នៃភូមិសាស្ត្រឃុំទ្រៀល ស្រុកតាំងគោក។

ដើមចមនៃបញ្ហានេះ គឺដោយសារប្រជាពលរដ្ឋបានធ្វើស្រែស្រូវដំណាំអាស្រ័យផលលើផ្ទៃដីប្រមាណ ៣៥០ ហិកតា (បច្ចុប្បន្នមានចំនួន ១៨៣ គ្រួសារ) ទាំងមិនដឹងខ្លួនថា ដីស្រែដែលពួកគាត់ អាស្រ័យផលរាល់ថ្ងៃនោះជាប់ក្នុងតំបន់អភិរក្សសត្វខ្សឹបនោះឡើយ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ ម្យ៉ាងទៀត នាពេលថ្មីៗនេះ ប្រជាពលរដ្ឋបានមូលមតិគ្នា ស្ដារប្រឡាយទឹកចាស់មួយសម្រាប់បង្ហូរទឹកពីស្ទឹងព្រែកឆ្តោ (ស្ទឹងខ្លីនេះបែកចេញពីបឹងទន្លេសាបភាគខាងកើត) ដែលមានប្រវែង ៣,៧៧៥ ម៉ែត្របញ្ចូលស្រែប្រាំងរបស់ខ្លួន។

ក្រោយទទួលបានព័ត៌មាននេះភ្លាម ថ្នាក់ដឹកនាំទាំង៣រូបខាងលើបានដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធចុះទៅដោះស្រាយបញ្ហាជាមួយប្រជាពលរដ្ឋដល់ទីតាំងមានបញ្ហាតែម្ដង ដោយនៅក្នុងកិច្ចសំណេះសំណាលនោះ តំណាងប្រជាពលរដ្ឋ លោក រឹទ្ធ ឌឿន បានលើកឡើងសំណើរួមរបស់ប្រជាពលរដ្ឋទាំង ១៨៣ គ្រួសារ៖ សុំឱ្យរួចផុតពីបទចោទប្រកាន់របស់មន្ត្រីបរិស្ថាន ដែលចុះហាមឃាត់គ្រឿងចក្រ ស្នើសុំស្ដារប្រឡាយ និងធ្វើប្រឡាយរងក្នុងតំបន់អួលួ និងសុំអនុញ្ញាប្រើប្រាស់ដីធ្លាប់អាស្រ័យផលក្នុងតំបន់អួលួនេះវិញ ដែលមានផ្ទៃដី ៣៥០ ហិកតានោះ។

នាឱកាសនោះ លោករដ្ឋមន្ត្រី សាយ សំអាល់ បានបើកបេះដូងក្នុងការដោះស្រាយបញ្ហានេះ ដោយលោកណែនាំឱ្យប្រជាពលរដ្ឋបង្កើតសហគមន៍អួលួ ក្នុងនោះប្រជាពលរដ្ឋត្រូវធ្វើការជាមួយមន្ទីរបរិស្ថានខេត្ត ដែលមានមន្ត្រីជំនាញចាំជួយប្រឹក្សាយោបល់ និងអាជ្ញាធរដែនដី ដើម្បីឱ្យត្រូវនឹងនីតិវិធីនៃការបង្កើតសហគមន៍។ នៅពេលប្រជាពលរដ្ឋបង្កើតបានសហគមន៍មួយហើយ លោករដ្ឋមន្ត្រីនឹងបើកការដោះស្រាយជូន និងទទួលយកបានទាំងអស់គ្នា។

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានពន្យល់ប្រាប់ប្រជាពលរដ្ឋថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក្រសួងបរិស្ថាន និងអាជ្ញាធរមិនទុកឱ្យប្រជាពលរដ្ឋលំបាកវេទនានោះឡើយ គឺដឹងតែដោះស្រាយប្រកបដោយភាពត្រឹមត្រូវ ហើយសុទ្ធតែដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់គ្នា ប៉ុន្តែដើម្បីឱ្យការដោះស្រាយនេះមានប្រសិទ្ធភាព ក្រសួង និងមន្ទីរបរិស្ថាន ព្រមទាំងអាជ្ញាធរដែនដីចាំបាច់ត្រូវធ្វើឱ្យត្រឹមត្រូវតាមនីតិវិធីច្បាប់ ជៀសវាងបង្កបញ្ហាដល់ប្រជាពលរដ្ឋនាពេលក្រោយ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត សុខ លូ ក្នុងនាមជាអាជ្ញាធរដែនដី ក៏បានប្ដេជ្ញាចិត្តចាំជួយដោះស្រាយ និងចុះជាប់ជាមួយប្រជាពលរដ្ឋក្នុងការសម្របសម្រួល នៅពេលណាដែលប្រជាពលរដ្ឋត្រូវការឱ្យអាជ្ញាធរជួយ និងមានសំណូមពរផ្សេងៗដែលអាជ្ញាធរដែនដីអាចជួយបាន។

លោករដ្ឋមន្ត្រី ថោង ខុន និងលោករដ្ឋមន្ត្រី សាយ សំអាល់ បានសន្យាចំពោះប្រជាពលរដ្ឋថានឹងត្រលប់មកជួបប្រជាពលរដ្ឋម្ដងទៀតនាអំឡុងពេល ២ ខែក្រោយ ដើម្បីសម្ពោធសហគមន៍ក្រោយប្រជាពលរដ្ឋបង្កើតរួចរាល់ និងពាំនាំដំណោះស្រាយមកដោះស្រាយជូនប្រជាពលរដ្ឋបន្ថែមទៀត។

ថ្នាក់ដឹកនាំទាំង៣រូបបានស្នើសុំហើយស្នើទៀតឱ្យប្រជាពលរដ្ឋធ្វើអ្វីត្រូវគិតគូរ និងគោរពតាមនីតិវិធីច្បាប់ កុំមានការកាប់ទន្ទ្រានព្រៃលិចទឹក ឬដាក់អន្ទាក់ចាប់សត្វក្នុងដែនអភិរក្ស ហើយប្រសិនបើមានភាពខ្វះចន្លោះ ឬមានចំណុចណាមិនច្បាស់ អាចសាកសួរទៅមន្ត្រីជំនាញភ្លាម។ លោករដ្ឋមន្ត្រី សាយ សំអាល់ បានផ្ដាំផ្ញើអាជ្ញាធរដែនដី មានរដ្ឋបាលឃុំ រដ្ឋបាលស្រុកតាំងគោក ត្រូវទទួលយកសំណើ-សំណួរនានារបស់ប្រជាពលរដ្ឋយកមករាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីឱ្យខេត្តចាត់មន្ត្រីនៃមន្ទីរជំនាញឆ្លើយតប និងផ្ដល់យោបល់ជូនវិញភ្លាមៗ។

នៅពេលទទួលបានការណែនាំ និងសំណើពីថ្នាក់ដឹកនាំខាងលើរួចមក ប្រជាពលរដ្ឋមានការពេញចិត្តយ៉ាងខ្លាំង និងបានទទួលយកនូវការណែនាំអំពីយន្តការបង្កើតសហគមន៍ និងរង់ចាំដំណោះស្រាយបន្តទៀតពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន៕