(រតនគិរី)៖ រដ្ឋបាលក្រុងបានលុង ខេត្តរតនគិរី បានសហការជាមួយអង្គភាពពាក់ព័ន្ធមួយចំនួនដឹកនាំដោយលោក ងិន ណែល អភិបាលក្រុង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ បានដាំដើមផ្កាចំបុី អមសង្ខាងផ្លូវជាតិលេខ៧៨ ដើម្បីបង្កើនសោភ័ណភាពទីក្រុងបន្ថែមទៀត។

លោក ងិន ណែល បានថ្លែងឱ្យដឹងថា ការដាំដើមផ្កាចំបុីនេះ គឺចាប់ពីចំណុចផ្លូវភ្លោះក្នុងក្រុង ត្រង់វរលេខ៧៩ រហូតដល់វត្តភ្នំស្វាយហើយនៅថ្ងៃអនាគតដើមផ្កាចំបុីរាប់រយដើម នឹងត្រូវបានដាំនៅតាមទីសាធារណៈអមស្ខាងផ្លូវទូទាំងខេត្ត ដូច្នេះ លោកក៏សូមអំពាវនាវឱ្យមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងគ្រប់មជ្ឈដ្ឋានទាំងអស់រួមគ្នាថែទាំ ដើម្បីលើកកម្ពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងទីក្រុងផងដែរ។

អភិបាលក្រុងរូបនេះ បានបន្តថា បច្ចុប្បន្នរដ្ឋបាលក្រុង បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៏ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្ត ក្នុងខេត្តរតនគិរី ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

ជាក់ស្តែងនៅថ្ងៃនេះ លោកបានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពជំនាញពាក់ព័ន្ធក្នុងខេត្ត ចុះដាំដើមចំបុីនៅសងខាងផ្លូវក្នុងតំបន់រដ្ឋបាលក្រុងក្នុងគោលបំណងចង់ឱ្យមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បង្ហាញពីការចូលរួមចំណែកក្នុងការងារសង្គម និងការស្រឡាញ់បរិស្ថាន ដែលជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋក៏ដូចជាដើម្បីបង្កើនសាមគ្គីភាព ឯកភាព ប្រកបដោយភាពស្និតស្នាល និងការទទួលខុសត្រូវខ្ពស់៕