(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌមានជ័យ បានបង្រ្កាបជនសង្ស័យម្នាក់ និងដកហូតគ្រឿងញៀនបានជិតកន្លះគីឡូ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

លោក អ៊ុ រតនា នាយប៉ុស្តិ៍នគរបាលចាក់អង្រែលើ ខណ្ឌមានជ័យ បានឲ្យដឹងថា នៅវេលាម៉ោង១៖៣០នាទីរំ លងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្តិ៍ល្បាតដើម្បីបង្ការបទល្មើសក្នុងមូលដ្ឋាន ក្រោយមកប្រទះឃើញស្រ្តីជនសង្ស័យឈ្មោះ ផែង សុខខី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរអ្នកបោសសំអាតផ្ទះ ស្នាក់នៅ ផ្ទះជួលភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងជាមុខសញ្ញាជួញដូរ។

ក្រោយការចាប់ខ្លួន កម្លាំងនគរបាលប៉ុស្តិ៍បានរកឃើញថ្នាំញៀន ៣កញ្ចប់ធំនៅលើដៃស្រ្តីជនសង្ស័យ រួចហើយនាំមកនគរបាលប៉ុស្តិ៍ដើម្បីសាកសួរនាំ។

នគរបាលបន្តថា នៅថ្ងៃដដែលនេះ លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំចុះទៅឆែកឆេរផ្ទះស្រ្តីជនសង្ស័យបន្តទៀត សហការជាមួយមេភូមិ និងលោកចៅសង្កាត់ ដោយបានដកហូតវត្ថុតាងមួយចំនួនផងដែរ។

ក្រោយការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបាននាំយកទៅអធិការដ្ឋានន​គរបាលខណ្ឌដើម្បីចាត់ការបន្តទៀត៕