(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសគាំទ្របេក្ខភាពតំណាងប្រទេសជប៉ុន ក្នុងការបោះឆ្នោតជ្រើសរើសជាអគ្គលេខាធិការរបស់សហភាពប្រៃសណីយ៍សកល (Universal Postal Union -UPU) និងបេក្ខភាពក្នុងសហគមន៍ទូរគមនាគមន៍អាស៉ីប៉ាស៉ីហ្វិក (Asia-Pacific Telecommunity -APT) នាពេលខាងមុខនេះ។

ការប្រកាសយល់ព្រមពីភាគីកម្ពុជាបានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានសំណើរបស់ភាគីជប៉ុន ដែលបានបញ្ជាក់ក្នុងជំនួបពិភាក្សាការងាររវាងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។

ក្នុង កិច្ចពិភាក្សាការងារនោះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោកឯកអគ្គរដ្ឋទូត និងសង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការទំនាក់ទំនងទាំងពីរ ដែលមានស្រាប់ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយបច្ចេកទេស ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ក៏ដូចជាវិស័យប្រៃសណីយ៍និងទូរគមនាគមន៍។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវនូវការងារអាទិភាពមួយចំនួនរបស់ក្រសួង ដូចជាការរៀបចំសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល, ការរៀបចំឌីជីថលនីយកម្មក្រសួង, ការបណ្តុះបណ្តាលកសាងសមត្ថភាពមន្រ្តីរាជការ នៅក្រសួង និងនៅតាមមន្ទីខេត្ត, ការជ្រើសរើសក្រុមអ្នកបច្ចេកវិទ្យាវ័យក្មេង និងការចាប់ផ្តើមដាក់ឲ្យដំណើការបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) នាពេលខាងមុខ។

លោកឯកអគ្គរាជទូត MIKAMI Masahiro បានជម្រាបអំពីកិច្ចសហប្រតិបត្តិការគ្រប់វិស័យ រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលបាននាំមកនូវសមិទ្ធផល ប្រកបដោយផ្លែផ្កាជាច្រើន ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។ លោកឯកអគ្គរាជទូត ក៏បានកត់សម្គាល់អំពីសារសំខាន់នៃវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ជាពិសេសក្នុងបរិបទ ដែលពិភពលោកកំពុងប្រឈមនឹងជំងឺកូវីដ-១៩។

លោកឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពិសេសការដឹកនាំមានទស្សនវិស័យច្បាស់លាស់របស់ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត និងសង្ឃឹមថា ចំណងកិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរកាន់តែល្អប្រសើ និងទទួលបាននូវសមិទ្ធផលថ្មីៗ ជាពិសេសសម្រាប់វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន៕