(បន្ទាយមានជ័យ)៖ ផ្លូវប្រលាយចាស់មួយខ្សែប្រវែង១,០៨៩ម៉ែត្រ ទទឹង៦ម៉ែត្រ ចូលទៅទួលប្រាសាទដងខ្ចាស់ ស្ថិតនៅភូមិប៉ោយវត្ត ឃុំចង្ហា ស្រុកអូជ្រៅ ត្រូវបានស្ថាបនាលើកជាផ្លូវដី ដែលជាអំណោយរបស់លោកស្រីឧកញ៉ា ហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ត្រូវបានកាត់ខ្សែបូណ៌សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ។

ក្រោមអធិបតីភាពលោកស្រីផ្ទាល់ ក្នុងនោះក៏មានការអញ្ជើញចូលរួម ពីលោកស្រី នួម សោភ័ណ្ឌ អ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ, លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋបានចូលរួមអបអរសាទរផងដែរ។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។

លោក រៀម ប៉ុន តំណាងប្រជាពលរដ្ឋរស់នៅភូមិប៉ោយវត្ត ឃុំចង្ហា បានបង្ហាញពីទឹកចិត្តសប្បាយរីករាយ ជាមួយនិងការទទួលបានផ្លូវមួយខ្សែខាងលើ ដែលពីមុនផ្លូវចាស់ គឺជាប្រលាយធ្វើដំណើរបានតែនៅរដូវប្រាំង ហើយនៅពេលរដូវវស្សាពិបាកធ្វើដំណើរ ដោយប្រលាយមានទឹក។

លោកក៏បានលើកឡើងថា ផ្លូវមួយខ្សែប្រវែង១,០៨៩ម៉ែត្រនេះ មានពិតជាមានសារៈសំខាន់ សម្រាប់ប្រជាពលរដ្ឋនៅភូមិប៉ោយវត្ត ក៏ដូចជាឃុំចង្ហាដោយ៖

ទី១៖ បង្កភាពងាយស្រួលដល់កសិករ ដូចពួកគាត់ដឹកជញ្ជូនកសិផលផ្សេងៗ
ទី២៖ ផ្លូវនេះ អាចចូលទៅដល់ទួលប្រាសាទដងខ្ចាសបានស្រួល សម្រាប់ជាទីសក្ការៈបូជារបស់បងប្អូនពលរដ្ឋនៅក្នុងភូមិ ដែលតែងតែមានជំនឿ ធ្វើពិធីសាសនាផ្សេងៗ ពិសេសពេលរាំងស្ងួតខ្វះខាតទឹកជាដើម បងប្អូនប្រជាពលរដ្ឋបាននាំគ្នាមកបន់ស្រន់ គឺបានដូចបំណងប្រាថ្នាពិតមែន។

លោក រៀម ប៉ុន បានបញ្ជាក់ថា ទួលនេះកន្លងទៅមានការលួចជីកគាស់កកាយ យកវត្ថុបុរាណ (ក្បាលអ្នកតា តាមការហៅរបស់អ្នកភូមិ) ក៏បានធ្វើឲ្យដីបាក់លុបតួប្រាសាទជាដើម។

តំណាងប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណចំពោះលោកស្រី ឧកញ៉ាហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ដែលបានផ្តល់ជូនផ្លូវមួយខ្សែនេះ ជូនដល់ពលរដ្ឋនៅមូលដ្ឋានបានធ្វើដំណើរស្រួល ក៏ដូចជាបង្កភាពងាយ ក្នុងការដឹកជញ្ជូនកសិផលផ្សេងៗ និងបានជូនពរលោកស្រី និងនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សូមជួបតែពុទ្ធទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ចំណែកលោក ត្រប់ សំផន មេភូមិប៉ោយវត្ត បានបញ្ជាក់ផងដែរថា ទួលប្រាសាទនេះ មានតាំងពីយូណាស់មកហើយ តាំងពីដូនតាមម្ល៉េះ ហើយបងប្អូនប្រជាពលរដ្ឋ តែងតែនាំគ្នាធ្វើពិធីគោរពបូជា និងសុំសេចក្តីសុខសប្បាយនៅក្នុងភូមិ។

លោកបន្ដថា កន្លងមកផ្លូវខាងលើនេះ មានភាពពិបាកណាស់ គឺជាប្រលាយ តែពេលនេះ គឺមានផ្លូវស្រួលក្រោមការឧបត្ថម្ភពីលោកស្រី ឧកញ៉ាហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន។

ទន្ទឹមនឹងនោះ ទាំងអាជ្ញាធរ និងប្រជាពលរដ្ឋ ក៏បានធ្វើការសំណូមដល់គ្រប់ភាគីពាក់ព័ន្ធ ពលរដ្ឋនៅក្នុងមូលដ្ឋាន សូមចូលរួមថែរក្សាទួលបុរាណនេះ ឲ្យបានស្ថិតស្ថេរគង់វង្ស កុំមានការរុករាន គាស់កកាយរកវត្ថុបុរាណនៅទីនោះ ព្រោះដើម្បីឲ្យកូនចៅជំនាន់ក្រោយបានដឹង បានស្គាល់ និងចូលរួមអភិរក្សាបន្ត។

សូមបញ្ជាក់ថា ផ្លូវមួយខ្សែខាងលើ ចំណាយថវិកាសរុបអស់ចំនួន១៤,២៧២,៥០០រៀល ដែលជាអំណោយលោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន រួមនឹងមានការចូលរួមពីលោក អ៊ុ រាត្រី និងលោកស្រី ហើយនិងសប្បុរសជន បានចូលរួមផងដែរ។

ឆ្លើយតបទៅនឹងសំណូមពរ របស់ពលរដ្ឋនៅមូលដ្ឋានស្នើសុំ ស្តូបសម្រាប់តម្កល់ ព្រះពុទ្ធបដិមា ដាក់នៅទីតាំងទួលប្រាសាទសម្រាប់គោរពបូជា ពេលមានបូណ្យទានផ្សេងៗ លោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន និងក្រុមការងារក៏បានផ្តល់តាមការស្នើសុំរបស់ប្រជាពលរដ្ឋភ្លាមៗផងដែរ៕