(កំពត)៖ មានប្រជាពលរដ្ឋប្រមាណ ១៨គ្រួសារ បានដាក់ពាក្យបណ្ដឹងទៅលោកអភិបាលខេត្តកំពតឲ្យជួយអន្តរាគមន៍ ដើម្បីកំណត់ព្រំដីរបស់ខ្លួន ស្ថិតនៅភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ពេលថ្មីៗកន្លងមកនេះ។ ប្រជាពលរដ្ឋទាំងនោះបានចោទថា មានពួកឈ្មួញកណ្តាលមួយក្តាប់តូច ដើរទិញដីប្រព្រឹត្តមិនត្រឹមត្រូវរំលោភលើដីរបស់ពួកគាត់ខាងលើ។

ឃើញដូច្នេះលោក ជាវ តាយ អភិបាលខេត្តកំពត បានចាត់តាំងឱ្យលោក ប៉ិល កុសល អភិបាលរងខេត្តទទួលបន្ទុកដោះស្រាយដីធ្លីថ្នាក់ខេត្ត នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ដឹកនាំក្រុមការងារមកពីស្ថាប័ន មន្ទីរ និងអាជ្ញាធរពាក់ព័ន្ធ ចុះវាស់វែងកំណត់ព្រំដីជូនប្រជាពលរដ្ឋ រស់នៅឃុំបឹងទូក ស្រុកទឹកឈូ និងសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ទាំង ១៨គ្រួសារនេះ ចៀសវាងការរំលោភបំពានណាមួយពីជនខិលខូចដទៃទៀត។

នៅចំពោះមុខប្រជាពលរដ្ឋ ទាំង១៨គ្រួសារ ក្នុងទីតាំងទំនាស់ខាងលើ លោក ប៉ិល កុសល បានលើកឡើងថា លោកមកនេះក្នុងគោលបំណងត្រួតពិនិត្យ ដោយតម្រូវឲ្យខាងជំនាញវាស់វែង និងបោះបង្គោលកំណត់ព្រំដីឲ្យបានជាក់លាក់ ជូនប្រជាពលរដ្ឋទាំង ១៨គ្រួសារ ដែលបានដាក់ពាក្យប្ដឹងទៅរដ្ឋបាលខេត្តកំពត ពេលកន្លងមកថ្មីៗនេះ។

លោកបានបន្តទៀតថា ការចុះមកវាស់កំណត់ព្រំដី ឬកំណត់ជើងម៉ែត្រ ដោយបោះបង្គោលព្រំថ្ម ជូនប្រជាពលរដ្ឋនោះ ដោយសារប្រជាពលរដ្ឋទាំង ១៨គ្រួសារ មានសាលកប័ត្រ បានវាស់បំពេញទិន្នន័យរួចហើយ ពីនិស្សិតស្ម័គ្រចិត្តវាស់វែងដីធ្លីរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងយុទ្ធនាការស្បែកខ្លា កំឡុងចុងឆ្នាំ២០១២ និងដើមឆ្នាំ២០១២។

ដីទីតាំងដីរបស់ប្រជាពលរដ្ឋខាងលើ ស្ថិតនៅក្នុងគម្របព្រៃឈើ ដែលបច្ចុប្បន្នស្ថាប័នក្រសួងកសិកម្ម ជាអ្នកគ្រប់គ្រង ហើយមិនទាន់មានប័ណ្ណកម្មសិទ្ធិនៅឡើយទេ។

លោក ប៉ិល កុសល ក៏បានបញ្ជាក់ផងដែរថា ការចុះមកនេះ មិនមែនវាស់ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិ ឬបែងចែកដីទៅឱ្យប្រជាពលរដ្ឋណាម្នាក់នោះឡើយ។ គ្រាន់តែវាស់កំណត់ព្រំដីជាក់លាក់ ជូនប្រជាពលរដ្ឋដែលមានសាលកប័ត្រ និងប្រជាពលរដ្ឋមានដីច្បាស់លាស់របស់ខ្លួន ដែលបំពេញទិន្នន័យជំនាន់និស្សិតវាស់វែងរបស់សម្ដេចតេជោ រួចហើយតែប៉ុណ្ណោះ។

ដោយឡែកចំពោះគូរភាគីទំនាស់ ដែលបានទិញដីជាន់លើគ្នា នាពេលកន្លងមកនេះ គឺលោកអភិបាលរងខេត្តក៏បានសំណូមពរដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកឯកសារពាក់ព័ន្ធ មកបង្ហាញ ដើម្បីពិនិត្យងាយស្រួលដោះស្រាយ ហើយប្រសិនជាការវាស់វែងទៅឃើញថា ពុំមានជាន់គ្នាទេគឺអាចបោះបង្គោលកំណត់ព្រំបានដោយគ្មានការជំទាស់តវ៉ាទៀតឡើយ។

តាមប្រជាពលរដ្ឋ ដែលមានដី ទាំង១៨គ្រួសារថា ពួកគាត់បានប្តឹងទៅអាជ្ញាធរខេត្តខណៈ លោក ប៊ុន សុផាត និងលោក តាន់ ម៉េង បានទិញដីពីអ្នកផ្សេងតែមករំលោភ ចូលលើដីរបស់ពួកគាត់ដែលមានសាលាកបត្រត្រឹមត្រូវ។

ប៉ុន្តែករណីទំនាស់នេះផ្តើមឡើងដោយសារ លោក ប៊ុន សុផាត ដែលមានទីលំនៅក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត និងលោក តាន់ ម៉េង រស់នៅរាជធានីភ្នំពេញ បានទិញដីពីអ្នកផ្សេង ដែលមានទីតាំងជាប់គ្នារវាងភាគីម្ខាង ហើយបានវាទទីរំលោភចូលទៅដីរបស់ពួកគាត់ទៅវិញ។

ចំពោះការទន្ទ្រាននេះ គ្រួសារដែលបាត់បង់ដីច្រើនជាងគេ ក្នុងចំណោម១៨គ្រួសារខាងលើមានឈ្មោះ កៅ សីហា និងឈ្មោះ កៅ ចាន់ណា។ លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពត ក៏បានបញ្ជាក់ប្រាប់ដែរថា ក្នុងការបំពេញបេសកកម្មវាស់វែងកំណត់ទីតាំងដីធ្លីជូនប្រជាពលរដ្ឋទាំង ១៨គ្រួសារខាងលើ គឺមិនទាន់ចប់នៅឡើយទេ ហើយនឹងអូសបន្លាយ ឬវាស់បញ្ចប់ នៅថ្ងៃច័ន្ទ សប្តាហ៍ក្រោយនេះ៕