(បាត់ដំបង)៖ លោក សេង យូអ៊ាន់ សមាជិកគណៈកម្មាធិការកណ្តាលបក្ស និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកឯកភ្នំ និងលោក ងួន រតនៈ សមាជិកគណៈកម្មាធិការ កណ្តាលបក្ស ជាប្រធានប្រធានគណបក្សខេត្ត នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ បាននាំអំណោយសម្តេចក្រឡាហោម ស ខេង យកទៅចែកជូនពលរដ្ឋក្រីក្រ ៨៦គ្រួសារ នៅភូមិអន្លង់តាអួរឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោក ងួន រតនៈ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចក្រឡាហោម ស ខេង ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំ លើបឹងទន្លេសាបទាំងអស់ថា លោកសូមថ្លែងអំណរគុណ ដល់បងប្អូនដែលបានគាំទ្រគណបក្សប្រជាជនកន្លងមក ដើម្បីទុកឱកាសឱ្យគណបក្សបន្តដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិតទៅ។

លោក ងួន រតនៈ បានបញ្ជាក់ថា ក្នុងនាមគណបក្សប្រជាជន និងក្រុមការងារ តែងតែគិតគូពីជីវភាពរស់នៅ និងចុះសួរសុខទុក្ខបងប្អូនជាប្រចាំ និងពុំអាចទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយបាយឡើយ និងសូមផ្តាំផ្ញើដល់បងប្អូនទាំងអស់គ្នាថាកន្លងមកនៅលើ ពិភពលោកបានផ្ទុះជំងឺ COVID-19 ហើយកម្ពុជាយើង បានចម្លងមកពីក្រៅចូលមកក្នុងប្រទេស ហើយបច្ចុប្បន្ន បានព្យាបាលជាសះស្បើយអស់ហើយដែរ ដូច្នេះ សូមអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាអភិបាលជាប្រចាំ ដើម្បីទប់ស្កាត់រោគឆ្លងលើកទី២ កើតមាននៅតាមូលដ្ឋានបន្តទៀត។

លោក ងួន រតនៈ ក៏បានអំពាវនាវដល់បងប្អូនដែលរស់នៅលើកទឹកប្រកបរបរនេសាទលក្ខណៈគ្រួសារ ដើម្បីចិញ្ចឹមជីវិតនោះ សូមកុំឱ្យមានដាក់មងបណរ៉ាវ ក្រឡាញឹក ដាក់ញឹកឱ្យសោះព្រោះវាធ្វើឱ្យរីផុតពូជ នារដូវត្រីពងចំរដូវខែបិទនេសាទផងដែរ។

លោក សេង យូអ៊ាន់ បានថ្លែងថា រាល់បញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋលោកនឹងក្រុមការងារតែងតែបានដោះស្រាយ តាមសំណូមពរជូនជាប្រចាំកន្លងមក ជាក់ស្តែងថ្ងៃនេះ ក្រុមការងាររួមប្រធានបក្សខេត្ត បាននាំអំណោយរបស់សម្តេចក្រឡាហោម ស ខេង យកមកចែកជូន ក្នុង១គ្រួសារបានទទួល អង្ករ ២៥គីឡូក្រាម, ភេសជ្ជៈ ២កេស, សូឡា ១ឈុត, មី ១កែស, ទឹកត្រីស៊ីវអ៊ីវ ៤យួរ, សៀងផ្អែម ៥គីឡូក្រាម, ត្រីខ១យួ និងជូនបន្ថែមដល់ប្រជាការពារចំនួន ១០នាក់ បានដូចគ្នាផងដែរ៕