(ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាលនាយកប្រតិបត្តិ នៃធនាគារពិភពលោក នៅថ្ងៃទី៣០ ខែឧសភានេះ បានអនុម័តកញ្ចប់ថវិកាចំនួន១៥លានដុល្លារអាមេរិក ដែលជាឥណទាន ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ជយយដល់គម្រោង ពង្រឹងប្រព័ន្ធបណ្តុះបណ្តាលគ្រូពេទ្យ មុនពេលចូលបម្រើការងារ ដើម្បីជួយប្រទេសកម្ពុជា ក្នុងការពង្រឹងការបំប៉នជំនាញ ដល់គ្រូពេទ្យមុនចូលបម្រើការងារ ក្នុងគោលដៅឈានទៅកែលម្អ គុណភាពសេវាថែទាំសុខភាព ឲ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើង។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ប្រទេសកម្ពុជា នៅជួបការខ្វះខាតគ្រូពេទ្យជំនាញ មានគុណវុឌ្ឍិច្រើន ពិសេសនៅក្នុងផ្នែកសាធារណៈ ហើយបើគិតជាចំនួនវិញ គឺមានវេជ្ជបណ្ឌិតចំនួន១.៤នាក់ និងគិលានុបដ្ឋាយិកា និងឆ្មប៩.៥នាក់តែប៉ុណ្ណោះ សម្រាប់មនុស្ស១០,០០០នាក់។ អត្រាទាំងនេះ គឺនៅទាបមែនទែន ធៀបទៅនឹងអត្រាមានវេជ្ជបណ្ឌិត៩នាក់ និងគិលានុបដ្ឋាយិកា១៩នាក់ សម្រាប់មនុស្ស១០,០០០នាក់ នៅក្នុងចំណោមបណ្តាប្រទេស មានចំណូលទាប និងមធ្យមកម្រិតទាប ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក។

ធនាគារពិភពលោកបានឲ្យដឹងថា នៅប្រទេសកម្ពុជា វេជ្ជបណ្ឌិតច្រើន តែធ្វើការនៅតាមអគារព្យាបាល ជំងឺកម្រិតទីពីរ (មធ្យម) និងកម្រិតទីបី (ខ្ពស់) រីឯអាគារថែទាំកម្រិតបឋមវិញ មានបុគ្គលិកសុទ្ធសឹងតែជាគិលានុបដ្ឋាយិកា និងឆ្មប ជាអ្នកមើលថែទាំជំងឺ។ ភាគច្រើននៃវេជ្ជបណ្ឌិតជំនាញទូទៅ បម្រើការងារនៅតាមមន្ទីរពេទ្យខេត្ត (មាន៦៣ភាគរយ) ខណៈដែលវេជ្ជបណ្ឌិតឯកទេសច្រើនលើសលប់ ត្រូវបានគេដាក់ពង្រាយ នៅតាមមន្ទីរពេទ្យក្នុងទីក្រុង (មានដល់ទៅ៧៩ភាគរយ)។

ដើម្បីជួយប្រទេសកម្ពុជា ដោះស្រាយបញ្ហាប្រឈមទាំងនេះ គម្រោងនឹងជួយនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងសុខាភិបាល ក្នុងការពង្រឹងអភិបាលកិច្ចការ អប់រំវិជ្ជាជីវៈពេទ្យ ក្នុងនោះមាន ការពង្រឹងបទប្បញ្ញត្តិ និងការធ្វើស្តង់ដានីយកម្ម សម្រាប់ការអប់រំបណ្តុះបណ្តាលគ្រូពេទ្យ, ការប្រលងសមត្ថភាពពេទ្យ បញ្ចប់ការសិក្សាថ្នាក់ជាតិ និងការផ្តល់ជំនួយបច្ចេកទេស និងការដោះដូរចំណេះដឹងបទពិសោធន៍ ស្តីពីការអប់រំគ្រូពេទ្យជំនាញ។

គម្រោងនេះនឹងជួយផងដែរ ដល់ការអភិវឌ្ឍ និងការអនុវត្តកម្មវិធីបណ្តុះបណ្តាលផ្អែកលើសមត្ថភាព ដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងមជ្ឈមណ្ឌលបណ្តុះបណ្តាលតំបន់ នៅក្នុងកម្មវិធីគ្រូពេទ្យជំនាញចំនួន៦ គឺ ផ្នែកវេជ្ជសាស្ត្រទូទៅ, ផ្នែកទន្តសាស្ត្រ, ផ្នែកឱសថសាស្ត្រ, ផ្នែកថែទាំងជំងឺ, ផ្នែកសម្រាលកូន, និងផ្នែកមន្ទីរពិសោធន៍។

កម្មវិធីទាំងនេះ ត្រូវបានកំណត់ជាអាទិភាព នៅក្នុងយុទ្ធសាស្ត្រផែនការជាតិ ដែលត្រូវបានរៀបចំឡើង កាលពីពេលថ្មីៗនេះ សម្រាប់ការអប់រំបណ្តុះបណ្តាល មុនចូលបម្រើការងារ នៅក្នុងវិស័យសុខាភិបាលនៅកម្ពុជា សម្រាប់ឆ្នាំ២០២០-២០២៥។ រាល់ទិដ្ឋភាពយេនឌ័រ និងទិដ្ឋភាពបរិយាបន្នសង្គម នឹងត្រូវបានបញ្ជ្រាបចូលទៅក្នុងការអភវិឌ្ឍរៀបចំ និងក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាល ផ្អែកលើសមត្ថភាពទំាងនេះ នាពេលខាងមុខ។

លោកស្រី អុីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា «ការវិនិយោគទៅលើការកសាងសមត្ថភាព សម្រាប់គ្រូពេទ្យជំនាញ តាមរយៈការបំប៉នពួកគេ ឲ្យទទួលបានចំណេះដឹង និងជំនាញកាន់តែប្រសើរ ដើម្បីផ្តល់សេវាក្នុងស្ថានភាពមានគ្រោះបន្ទាន់ ដូចជាការផ្ទុះជំងឺកូវីដ-១៩ និងការពង្រឹងអភិបាលកិច្ចវិស័យសុខាភិបាល គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រព័ន្ធផ្តល់សេវាសុខាភិបាល នៃប្រទេសកម្ពុជា»

លោកស្រីបន្តទៀតថា «ធនាគារពិភពលោកប្តេជ្ញាចិត្តជួយគាំទ្រកម្ពុជា ក្នុងកិច្ចខិតខំកែលម្អសេវាថែទាំសុខភាពសម្រាប់ប្រជាជនកម្ពុជា ពិសេសសម្រាប់ជនក្រីក្រ និងក្រុមជនងាយរងគ្រោះបំផុត»