(កំពង់ចាម)៖ អំណោយរបស់លោក ហ៊ុន ម៉ានិត សមាជិកគណៈកម្មាធិការគណបក្សប្រជាជន និងជាប្រធានក្រុមការងារចុះជួយស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានយកទៅចែកជូនសមាជិកបក្សប្រជាជន និងប្រជាពលរដ្ឋដែលចាស់ជរា ពិការ គ្មានទីពឹង និងចុះពិនិត្យអណ្ដូងទឹក នៅក្នុងមូលដ្ឋានឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។

ការយកអំណោយរបស់លោក ហ៊ុន ម៉ានិត ចែកជូនពលរដ្ឋនេះ ធ្វើឡើងតាមរយៈលោក ងួន វិទូ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម តំណាងលោក ឌួង ឧត្តម អនុប្រធានក្រុមការងារចុះជួយស្រុក និងជាប្រធានក្រុមការងារឃុំ ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ។

ពលរដ្ឋដែលទទួលបានអំណោយទាំងអស់នោះ រួមមាន៖ ភរិយារបស់ ប្រធានគណបក្សប្រជាជនកម្ពុជាឃុំបុសខ្នុរ ដែលមានជំងឺឈឺជើងដើរមិនរួច និងប្រជាពលរដ្ឋចាស់ជរា ពិការគ្មានទីពឹង។ ក្នុងនោះ លោកក៏បានចុះពិនិត្យមើលអណ្ដូងទឹក ដែលជាអំណោយរបស់លោក ហ៊ុន ម៉ានិត ដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់ផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក ងួន វិទូ បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន, លោក ហ៊ុន ម៉ានិត ប្រធានក្រុមការងារចុះជួយស្រុកចំការលើ និងលោក ឌួង ឧត្តម ប្រធានក្រុមការងារឃុំ ជូនប្រជាពលរដ្ឋទាំងអស់នោះផងដែរ ដោយក្ដីនឹករលឹកគ្រប់ៗគ្នា។

បន្ថែមពីនេះ លោក ងួន វិទូ បានបញ្ជាក់ថា ការយកអំណោយមកចែកជូននេះ គឺជាការចែករំលែកក្ដីអាណិតស្រលាញ់ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលតែងតែនៅក្បែរ និងមើលថែប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយមិនគិតពីពណ៌សម្បុរស ឬនិន្នាការនយោបាយអ្វីនោះឡើយ ពោលនៅទីណាមានការលំបាក គឺតែងមានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយជានិច្ច។

លោក ងួន វិទូ បានជម្រាបឲ្យប្រជាពលរដ្ឋត្រូវខិតខំថែរក្សាសុខភាព និងត្រូវអនុវត្តវិធានអនាម័យ តាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីជៀសឆ្ងាយពីជំងឺកូវីដ១៩ និងជំងឺឆ្លងផ្សេងៗ ដែលអាចកើតឡើងគ្រប់ពេលវេលា។ លើសពីនេះ លោកបានបញ្ជាក់ថា ទោះបីកម្ពុជាស្ងប់ស្ងាត់ជំងឺកូវីដ១៩ បន្ដិចមែន ប៉ុន្ដែប្រជាពលរដ្ឋមិនត្រូវធ្វេសប្រហែសនោះទេ គឺត្រូវប្រកាន់ខ្ជាប់នូវវិធានអនាម័យជានិច្ច។

ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលទទួលបានអំណោយនេះ ក៏បានផ្ដាំផ្ញើនូវការថ្លែងអំណរគុណ តាមរយៈលោក ងួន វិទូ ជូនលោក ហ៊ុន ម៉ានិត និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលតែងយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ពួកគាត់ និងជូនឲ្យគណបក្សប្រជាជនកម្ពុជា កាន់តែទទួលបានជ័យជម្នះជាបន្ដបន្ទាប់រហូត៕