(កោះកុង)៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកស្រី បានអញ្ជើញជាអធិបតីភាព បញ្ចុះបឋមសីលា សាងសង់ស្តូបវិមាននយោបាយឈ្នះឈ្នះ នៅក្នុងទឹកដីខេត្តកោះកុងស្ថិតនៅទល់មុខអាស្រមលោកយាយម៉ៅ ក្នុងភូមិសាស្ត្រភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ តាមបណ្តោយផ្លូវជាតិលេខ៤៨។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ, លោកស្រីអភិបាលខេត្តកោះកុង ថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ កាលពីថ្ងៃទី១៨ ខែឧសភាថ្មីៗនេះ បានឱ្យដឹងថា ស្តូបវិមាននយោបាយឈ្នះឈ្នះនេះ សាងសង់ឡើង ក្រោមការឧបត្ថម្ភពីសប្បុរសជន។

សម្តេចពិជ័សេនា ទៀ បាញ់ បានថ្លែងថា ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ សាងសង់ឡើងតាមគំរូប្លង់គោលមានឃឿន៤ជ្រុង សរុប៦៦ម៉ែត្រ កម្ពស់៤៣ម៉ែត្រ ហើយទីធ្លា បរិវេណស្តូបអនុស្សាយ៍នយោបាយឈ្នះឈ្នះ មានទំហំធំទូលាយក្នុងការចតរថយន្ត និងការទេសចរណ៍កំសាន្តរបស់ពលរដ្ឋ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ការសាងសង់ស្តូបអនុស្សាវរីយ៍ឈ្នះឈ្នះ ដើម្បីរំលឹកគុណដល់វិរបុរសជំនាន់មុនៗ ដែលបានលះបង់អាយុជីវិតដើម្បីបូរណភាពទឹកដីការពារមាតុភូមិប្រទេសជាតិក្នុងយុគ្គសម័យភ្លើងសង្រ្គាម។

សម្តេចពិជ័យសេនា បានបញ្ជាក់ថា «យើងត្រូវថ្លែងអំណរគុណសន្តិភាពដែលក្រោមការដឹងនាំដ៏ឈ្លាវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឱ្យកម្ពុជាយើងតាំងបាត់ដៃទទេរហូតដល់មានការអភិវឌ្ឍរីកចំរើនគ្រប់ផ្នែក គ្រប់វិស័យ មានធនធានមនុស្ស និងធ្វើឱ្យប្រទេសលើពិភពលោកទទួលស្គាល់ទៀតផង»

សម្តេចបន្តថា «ប្រទេសមានសន្តិភាពមានសេរីភាពដូច្នេះយើងទាំងអស់គ្នាមិនអាចបំភ្លេចបានទេការតស៊ូដែលលះបង់អាយុជីវិតដើម្បីទឹកដីនោះទេ។ ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយនេះឡើយដើម្បីរំលឹកគុណ ហើយស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនេះ ក៏ជាកក្តាមួយដ៏សំខាន់ក្នុងវិស័យទេសចរណ៍ ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលមកកំសាន្តផងដែរ»