(ភ្នំពេញ)៖ នៅសប្តាហ៍នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៦ទៀត សរុបទុនវិនិយោគចំនួន២៧៣.៥លានដុល្លារអាមេរិក។

គម្រោងវិនិយោគទាំង៦នោះរួមមាន៖

១៖ ក្រុមហ៊ុន POLY TIMPEX (CAMBODIA) ENTERPRISE CO., LTD. គម្រោងបង្កើតរោងចក្រផលិតវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពង់ព្រះ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ២.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០០កន្លែង។

២៖ ក្រុមហ៊ុន SURE FANCY LEATHER GOODS MANUFACTURER CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៣៣កន្លែង។

៣៖ ក្រុមហ៊ុន CAM M J AGRICULTURAL CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២១៦កន្លែង។

៤៖ ក្រុមហ៊ុន HOUNEN SOLAR INC CO., LTD. គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៩.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥០កន្លែង។

៥៖ ក្រុមហ៊ុន SPHP (CAMBODIA) CO., LTD. គម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ អនុភាព៨០MW ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានទុនវិនិយោគចំនួន ២៣១,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨១កន្លែង។

៦៖ ក្រុមហ៊ុន VIRTUS GREEN PLANTATIONS (CAMBODIA) PTE., LTD. គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដូងប្រេង កៅស៊ូ និងល្ហុងប្រេង) ដែលមានទីតាំងវិនិយោគស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាពនៃឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ស្រុកជុំគីរី និងស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ២១.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,០៧០កន្លែង៕