(ព្យុងយ៉ាង)៖ កូរ៉េខាងជើង បានប្រកាសឲ្យដឹងថា ខ្លួនអាចនឹងបញ្ឈប់ការសាកល្បងអាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងការ​ចុះ ហត្ថលេខាលើ សន្ធិសញ្ញាសន្ដិភាពជាមួយសហរដ្ឋអាមេរិក និងអាមេរិកត្រូវបញ្ឈប់ការធ្វើសមយុទ្ធយោធា​ប្រចាំ​ឆ្នាំ​​រវាងអាមេរិក និង​កូរ៉េខាងត្បូង នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃសៅរ៍ ទី​១៦ ខែមករា។

សារព័ត៌មានក្នុងស្រុកកូរ៉េខាងជើង បានចេញផ្សាយដោយស្រង់សំដីថ្នាក់ដឹកនាំជាន់ខ្ពស់កូរ៉េខាងជើងថា រដ្ឋាភិបាល​ព្យុងយ៉ាង អាច បញ្ឈប់សកម្មភាពសាកល្បងអាវុធនុយក្លេអ៊ែរបាន លុះត្រាតែអាមេរិក យល់ព្រមចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញាសន្ដិភាពនិងបញ្ឈប់ការ ធ្វើសមយុទ្ធយោធាប្រចាំឆ្នាំជាមួយកូរ៉េខាងត្បូង។

មន្ត្រីការបរទេសកូរ៉េខាងជើង ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ការសាកល្បងគ្រាប់បែកអ៊ីដ្រូសែន គឺជា​សក្ខីភាព​បញ្ជាក់ថា កូរ៉េខាងជើង មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់​ក្នុង​ការរស់នៅ ដោយមិនចា​ពឹងផ្នែកលើ​នរណា ជាពិសេសគឺកូរ៉េខាងជើង មាន​វត្ថុធាតុដើមគ្រប់គ្រាន់ក្នុងការផលិត​អាវុធនុយក្លេអ៊ែរ។

កូរ៉េខាងត្បូង និងអាមេរិក តែងតែធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នា ក្នុងគោលដៅដើម្បីការពារ ប៉ុន្តែ​ការធ្វើសមយុទ្ធ​នេះ ត្រូវបាន កូរ៉េខាងជើង យល់ឃើញថា ជាសកម្មភាពឈ្លានពាន និងគំរាមកំហែងមួយ ដែលអាចបង្កជា​សង្គ្រាម​បាន៕