(ភ្នំពេញ)៖ រហូតមកដល់ពេលនេះ គេនៅបន្ដមើលឃើញការឡើងកម្ដៅដាក់គ្នារវាងចិន និងអាមេរិក ទាំងសង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមភូមិសាស្ដ្រនយោបាយ ដែលធ្វើឲ្យពិភពលោកទាំងមូល កំពុងតាមដានយ៉ាងយកចិត្ដទុកទៅលើប្រទេសមហាអំណាចទាំងពីរនេះ។

ប៉ុន្ដែសម្រាប់អ្នកជំនាញភូមិសាស្ដ្រចិន-អាមេរិក បានមើលឃើញថា ការឡើងកម្ដៅដាក់គ្នារវាងចិន-អាមេរិក នឹងធូរស្រាលវិញក្រោយបោះឆ្នោត នៅជ្រើសរើសប្រធានាធិបតី សហរដ្ឋអាមេរិក រួចរាល់នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក ពុយ គា អ្នកកាសែតជើងចាស់ និងជាទីភ្នាក់ងារសារព័ត៌មានជប៉ុនត្យូដូ សុទ្ធតែបានមើលឃើញដូចគ្នាថា មូលហេតុនៃការឡើងកម្ដៅស្ទើរផ្ទុះម្ដងៗរវាងមហាអំណាចទាំងពីរនេះ គឺដោយសារ លោក ដូណាល់ ត្រាំ កំពុងប្រជែង ដើម្បីយកប្រជាប្រិយភាពក្នុងការបោះឆ្នោតនេះ ជាមួយលោក ចូបាយឌិន។

អ្នកជំនាញទាំងពីររូបនេះ បានអះអាងទៀតថា លោក ដូណាល់ ត្រាំ តំណាងមកពីគណបក្សសាធារណៈរដ្ឋ កំពុងប្រើវិធីសាស្ដ្ររុញឲ្យឡើងកម្ដៅរវាងអាមេរិក និងចិន ដើម្បីយកជ័យជម្នះលើគូរប្រជែង គឺលោក ចូបាយឌិន តំណាងមកពីគណបក្សប្រជាធិបតេយ្យ ខណៈការបោះឆ្នោតនេះ គ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២០។

លោក សុខ ទូច បានថ្លែងយ៉ាងដូច្នេះថា «ជាការពិតក្រោយការបោះឆ្នោតនៅសហរដ្ឋអាមេរិក បញ្ហាទំនាក់ទំនងរវាងចិន និងអាមេរិក នឹងធូរស្រាល។ ឥលូវគេឆ្កោះកុងហុក តៃវ៉ាន់ ដើម្បីឲ្យចិនរវល់ ហើយឲ្យឃើញអំពីជាតិនិយម ឲ្យឃើញអំពីភាពខ្លាំងរបស់បេក្ខជនប្រធានាធិបតីថា ដោះស្រាយយ៉ាងមិច ក្នុងបញ្ហាចិន ជាមួយហុងកុង ជាមួយតៃវ៉ាន់»។

លោកបណ្ឌិត សុខ ទូច បានបន្ថែមទៀតថា បច្ចុប្បន្នដោយសារតែជំងឺកូវីដ១៩ បានធ្វើឲ្យប្រជាជនអាមេរិក ហាក់មានការទម្លាក់បន្ទុក និងស្អប់ប្រជាជនចិន ឬស្អប់ប្រទេសអាស៉ី ដូច្នេះហើយបានជាលោក ដូណាល់ ត្រាំ ប្រើប្រាស់ដៃគូរប្រកួតប្រជែងរបស់លោក ថាជាមនុស្សរបស់ទីក្រុងប៉េកាំង។ ការវាយប្រហារបែបនេះហើយ លោកត្រាំ គិតថានឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោត។

ដោយឡែក លោក ពុយ គា ក៏បានលើកឡើងយ៉ាងដូច្នេះដែរថា «ចាប់ពីពេលនេះ រហូតទៅដល់បោះឆ្នោតសហរដ្ឋអាមេរិក ខែវិច្ឆិកា កម្ដៅរវាងចិន និងអាមេរិក គឺនឹងបន្ដមិនអាចថយបាននោះទេ មូលហេតុដោយសារលោក ដូណាល់ ត្រាំ បានបញ្ជាក់ហើយបញ្ជាក់ទៀតថា គាត់បារម្ភពីគូរសត្រូវរបស់គាត់ លោក ចូបាយឌិន»

លោក ពុយ គា បានឲ្យដឹងទៀតថា លោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយជារឿយៗថា លោក ហ្ស៉ី ជិនពីង ប្រធានាធិបតីចិន បានអះអាងថា នឹងផ្ដួលលោកត្រាំ ដើម្បីបើកឱកាសឲ្យលោក ចូបាយឌិន ដែលជាបេក្ខភាពប្រធានាធិបតី តំណាងមកពី គណបក្សប្រជាធិបតេយ្យ ឡើងកាន់តំណែងជា ប្រធានាធិបតីអាមេរិកវិញម្ដង។

លោកបន្ថែមថា លោក ចូបាយឌិន មានកូនប្រុសម្នាក់ដែលជាអ្នកជំនួយ ហើយរកស៉ីពាក់ព័ន្ធជាមួយប្រទេសចិន ប៉ុន្ដែនេះគ្រាន់តែជាការនិយាយរបស់លោក ដូណាល់ត្រាំ តែប៉ុណ្ណោះមិនមានភស្ដុតាងណាមួយមកបញ្ជាក់ច្បាស់នោះទេ ហើយនេះក៏បង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងលោកត្រាំ ក្នុងការបោះឆ្នោតដ៏សំខាន់មួយនេះ។

អ្នកសារព័ត៌មានជើងចាស់រូបនេះ បានគូសបញ្ជាក់ទៀតថា ចាប់តាំងពី លោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកមក បានធ្វើឲ្យអាស៊ាន រួមទាំងជប៉ុន កូរ៉េ ជាដើមមានការអន់ចិត្តយ៉ាងខ្លាំង ដោយហេតុថា នៅពេលប្រជុំធំម្ដងៗពាក់ព័ន្ធអាស៊ាន លោក ត្រាំ ហាក់មិនឲ្យតម្លៃទាល់តែសោះ ដោយលោកមិនដែលមកចូលរួមនោះទេ៕