(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតធំជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតបង្គ្រប់កិច្ច ទល់នឹងជម្រើសជាតិឈុតតូច U-23 របស់ម្ចាស់ផ្ទះ បង់ក្លាដេស នាម៉ោង ៧៖៣០នាទីយប់នេះ (ម៉ោងនៅកម្ពុជា) មុនពេលត្រឡប់ផ្ទះវិញបញ្ចប់ពូល B នៃព្រឹត្តិការណ៍ពានរង្វាន់ Bangabandhu Gold Cup ឆ្នាំ២០១៦ ។

នេះជាជំនួបប្រត្តិសាស្រ្តរបស់កម្ពុជា ទល់នឹងក្រុម U-23 បង់ក្លាដេស បើទោះបីជាកម្ពុជាឈ្នះ ក៏ត្រូវហាលអាវដែរ ដោយសារតែ ភ្លាត់ស្នៀត ចាញ់២ប្រកួតមកហើយ ក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិម៉ាល់ឌីវ ៣-២ នៅថ្ងៃបើកឆាក មុនមកចាញ់បារ៉ែន ១-០ ទាំងមិនអស់ចិត្តទៀតកាលពីថ្ងៃទី១៤ ខែមករា ។

ការលេងទាំងត្រដាបត្រដួស និងតំបន់ប្រយុទ្ធមិនសូវមុតស្រួចនោះ បូករួមទាំងអាកាសធាតុរាងក្តៅនៅបង់ក្លាដេស បន្ថែមទៀតនោះ កម្ពុជា មិនអាចស្វែងរកបានសូម្បី១ពិន្ទុ តែអាចស៊ុតបញ្ចូលទីគេបាន២គ្រាប់ ក្រៅពីរបូត៤គ្រាប់ក្នុងចំណោម២ប្រកួតជម្រុះក្នុងពូល B មកនេះ នេះបើតាមការបញ្ជាក់ឲ្យដឹងពីគ្រូបង្វឹកកម្ពុជាលោក Lee Tae Hoon នៅ ទំព័រ Facebook របស់លោក ។

នៅថ្ងៃនេះដែរ ក្រុមជម្រើសជាតិកម្ពុជា ដែលត្រូវបែងចែកជា២ក្រុមនោះ នឹងចាប់ផ្តើមប្រកួតព្រមគ្នា ពោលគឺ១ក្រុមដែលមិនសូវមាន កីឡាករជើងខ្លាំងប៉ះ U-23 របស់ម្ចាស់ផ្ទះបង់ក្លាដេស និង១ក្រុមទៀតដែលសំបូរទៅដោយតារាឆ្នើម ស៊ូ យ៉ាទី, ប្រាក់ មុន្នីឧត្តម, ធារី ចន្ថាប៊ីន, កែវ សុខផេង និង ចាន់ វឌ្ឍនាកា ត្រូវជួបក្លឹបមកពីថៃ Muangthong United នាម៉ោង ៦៖០០នាទីល្ងាចនេះនៅពហុកីឡដ្ឋាន ជាតិអូឡាំពិក ក្នុងជំនួបមិត្តភាពអន្តរជាតិលើកទី១ និងប្រកួតសប្បុរសធម៌ទៀតផង ៕