(ភ្នំពេញ)៖ ក្រុមហ៊ុន សែលកាត នឹងរៀបចំព្រឹត្តិការណ៍ ប្រគុំតន្រ្តីសប្បុរសធម៌ Cellcard 4U Virtual Concert នៅថ្ងៃទី២៨ ខែឧសភា ស្អែកនេះ ដោយធ្វើការ ផ្សាយផ្ទាល់ តាមបណ្តាញសង្គមហ្វេសប៊ុក រួមជាមួយនឹងវត្តមានសម្តែង របស់សិល្បករសិល្បការនីល្បីៗ និងកំពុងពេញនិយមជាច្រើនរូប នៅក្នុងប្រទេសកម្ពុជា។

កម្មវិធីប្រគុំតន្ត្រីនេះ នឹងប្រព្រឹត្តទៅដោយ មានការចូលរួមសហការ ជាមួយប៉ុស្តិ៍ទូរទស្សន៍ CTN និង MyTV ក្នុងគោលបំណងរៃអង្គាសថវិកា ដើម្បីជួយដល់អ្នក ដែលកំពុង រងផលប៉ះពាល់ខ្លាំងបំផុត ពីស្ថានភាពសេដ្ឋកិច្ច នាពេលបច្ចុប្បន្ននេះ។

ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយម៉ោង ដោយមានការចូលរួមសម្តែង ពីក្រុមតារាល្បីៗ រួមមាន៖ កញ្ញា មាស សុខសោភា, កញ្ញា រ៉េត ស៊ូហ្សាណា, លោក នូ ឧសភា, លោក ចេន សមាជិកក្រុមតន្រ្តី Mustache, លោក Tempo Tris និងព្រះនាងតូច នរោត្តម ជេនណា។

ព្រះនាងតូច ជេនណា ត្រូវបានប្រកាសតែងតាំងជាព្រះរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុន សែលកាត កាលពីខែកុម្ភៈកន្លងទៅ។ ក្នុងព្រះជន្ម ៨ វស្សា ព្រះនាងតូច ត្រូវបានគេ ទទួលស្គាល់ថា ជាអ្នកមានទេពកោសល្យខ្ពស់ម្នាក់ ដោយព្រះនាងអាចនិយាយបាន៥ភាសា មានសមត្ថភាពក្នុងការច្រៀង រាំ និងសម្តែង ហើយបច្ចុប្បន្ននេះ ព្រះនាង ក៏កំពុងផ្តោត លើការហាត់សមរបាំអប្សរាផងដែរ។

ទន្ទឹមនឹងនោះផងដែរ ក្រុមហ៊ុន សែលកាត ក៏កំពុងសម្របសម្រួល ជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដោយថវិកាដែលប្រមូលបានពីកម្មវិធី ប្រគុំតន្ត្រីនេះ នឹងត្រូវយកទៅចែកជូនដល់ កម្មករ-កម្មការនីកាត់ដេរ ដែលមានពិការភាព និងមានផ្ទៃពោះ ដែលកំពុងជួបការលំបាកខ្លាំង ក្នុងជីវភាពរស់នៅ នាពេលបច្ចុប្បន្ននេះ។

សមាជិកគាំទ្រសែលកាតទាំងអស់ ក៏អាចចូលរួមបរិច្ចាគ ក្នុងបុព្វហេតុជួយសង្គ្រោះនេះ នៅក្នុងអំឡុងពេល នៃការសម្តែងតន្រ្តីផ្សាយផ្ទាល់ផងដែរ។ ពួកគេអាចតេ ឬផ្ញើសារទៅកាន់លេខ 1270 ដោយចំណាយត្រឹមតែ ២៥ សេន (១,០០០រៀល) ប៉ុណ្ណោះ សម្រាប់ការចូលរួមជាវិភាគទាន។ កម្មវិធីចូលរួមបរិច្ចាគនេះ នឹងបន្តប្រព្រឹត្តិទៅចំនួន២សប្តាហ៍ទៀត បន្ទាប់ពីការប្រគុំតន្រ្តីត្រូវបានបញ្ចប់។

សែលកាត នឹងធ្វើការសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុនវីង ដែលជាអ្នកផ្តល់សេវាហិរញ្ញវត្ថុ តាមទូរស័ព្ទឈានមុខគេនៅកម្ពុជា ដើម្បីផ្ទេរប្រាក់ជូនដល់ កម្មករ-កម្មការនី មានពិការភាព និងមានផ្ទៃពោះឲ្យបាន នៅក្នុងអំឡុងខែមិថុនា ខាងមុខនេះ។

លោក អៀន វ៉ាត់សុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឲ្យដឹងថា ដោយសារស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ យើងមើលឃើញថានេះ គឺជាមធ្យោបាយដ៏ល្អបំផុតមួយ ក្នុងការផ្តល់នូវភាពសប្បាយរីករាយ ជូនដល់អតិថិជនរបស់យើង ហើយទន្ទឹមនឹងនោះ យើងក៏អាចរៃអង្គាសថវិកា ដើម្បីជួយទ្រទ្រង់ដល់ពលរដ្ឋមួយចំនួន ដែលកំពុងជួបការខ្វះខាត នៅទូទាំងប្រទេសកម្ពុជាផងដែរ។

ដោយឡែក លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីង ក៏បានថ្លែងថា «យើងមានសេចក្តីរីករាយ ដែលបានចូលរួមជាមួយក្រុមហ៊ុន Cellcard ដើម្បីជួយគាំទ្រ សហគមន៍ ដែលរងផលប៉ះពាល់ដោយការរីករាលដាល នៃជំងឺកូវីដ-១៩។ ស្ថិតក្នុងគ្រាដ៏លំបាកនេះ ជំនួយសប្បុរសធម៌របស់លោក អ្នកមិនត្រឹមតែចាំបាច់ ចំពោះសហគមន៍ របស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជំរុញឲ្យប្រជាជនផ្សេងទៀត ជួយការពារសហគមន៍របស់យើងផងដែរ»

ក្នុងនាមជាប្រតិបត្តិករទូរស័ព្ទចល័ត គ្រប់គ្រងដោយជនជាតិខ្មែរទាំងស្រុង ក្រុមហ៊ុន សែលកាត ពិតជាមានក្តីរំភើបជាខ្លាំង សម្រាប់ឱកាស នៃការរៀបចំកម្មវិធីប្រគុំតន្រ្តី ដោយមានវត្តមានចូលរួម សហការពីតារាល្បីៗ នៅក្នុងស្រុកជាច្រើនរូប។

លោក វ៉ាត់សុន បានបញ្ជាក់បន្ថែមទៀតថា «សែលកាត កំពុងខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព ដើម្បីជួយគាំទ្រដល់បងប្អូនពលរដ្ឋខ្មែរក្នុងគ្រាដ៏លំបាកនេះ»