(កំពង់ធំ)៖ ខ្នងផ្ទះថ្មី ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានប្រគល់ជូនអតីតយុទ្ធជនពិការ រស់នៅភូមិបឹង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។

ពិធីប្រគល់ផ្ទះថ្មីនេះ ស្ថិតក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ តំណាងនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានប្រគល់ជូនអតីតយុទ្ធជនពិការ ឈ្មោះ ឌឹត អ៊ីម អាយុ៥៤ឆ្នាំ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា លោក ឌឹត អ៊ីម ឋានន្តរសក្ដិថ្នាក់នាយឯក ចូលបម្រើក្នុងជួរទ័ពនៅឆ្នាំ១៩៨៣ អតីតអង្គភាពកងពលលេខ៤ ចាស់ បោះទីតាំងប្រចាំការ នៅខេត្តបាត់ដំបង ហើយបានត្រូវរបួសពិការដៃឆ្វេង នៅក្នុងសមរភូមិនៅឆ្នាំ១៩៨៧ គាត់មានភរិយា និងកូននៅក្នុងបន្ទុកគ្រួសារចំនួន៥នាក់។

ផ្ទះថ្មី ដែលបានសាងសង់រួច ប្រគល់ជូនគាត់នៅពេលនេះ មានទំហំ ៤ម៉ែត្រ គុណ៦ម៉ែត្រ សាង់សង់ពីសសរបេតុង ឆ្អឹងដែក ជញ្ជាំង និង ដំបូល ប្រក់ សង្ក័សីកិនភ្លី រនាប ក្តារ ជណ្តើរកាច់ ហើយផ្ទះថ្មីនេះ ជាផ្ទះទី១៥៥ របស់សម្តេចតេជោ ហ៊ុន សែន បានប្រគល់ឲ្យសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ។

ក្នុងកម្មវិធីនេះ គណៈកម្មការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយព្រះសង្ឃ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ក៏បាននាំយកនូវជំនួយឧបត្ថម្ភ របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា ទៅផ្តល់ជូនគាត់មានអង្ករ ១០០គីឡូក្រាម មី៤កេស ទឹកត្រីទឹកស៊ីអ៊ីវ៤យួរ ចាន ឆ្នាំង ស្លបព្រា មុង ភួយ កន្ទេល ខ្នើយ និងសម្ភារផ្ទះបាយ ដែលជាជំនួយរបស់ព្រះសង្ឃ និងថវិកាមួយចំនួនផងដែរ។

លោក សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ក៏បានបន្តទៅសំណេះសំណាលសាកសួរសុខទុក្ខ អតីតយុទ្ធជនពិការមួយគ្រួសារទៀត រស់នៅ ភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានជីវភាពលំបាកខ្វះខាត ឈ្មោះ ចាន់ រ៉ាវី អាយុ៥៥ឆ្នាំ មានភរិយា និងកូននៅក្នុងបន្ទុកគ្រួសារ ចំនួន៥នាក់ ដែលបច្ចុប្បន្នកំពុងមានជំងឺប្រចាំកាយ ដោយមុខរបួសចាស់រើឡើងវិញ មិនអាចទៅប្រកបមុខរបរ រកទទួលទានបាន ហើយភរិយាគាត់ដើរស៊ីឈ្នួលកើបជី ឲ្យគេគ្រាន់បានប្រាក់ដោះស្រាយចញ្ចឹមជីវិតក្នុងគ្រួសារ។

ក្នុងឱកាសនេះ ក្រុមការងារ បាននាំយកនូវជំនួយឧបត្ថម្ភ របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ទៅផ្តល់ជូនគាត់មានអង្ករ៥០ គីឡូក្រាម មី៤កេស ទឹកត្រីទឹកស៊ីអ៊ីវ២យួរ ថ្នាំពេទ្យ និងថវិកាមួយចំនួនផងដែរ។

សូមបញ្ជាក់ថា រយៈពេលកន្លងមកនេះ គណៈកម្មការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានសាងសង់ផ្ទះឈើទំហំ ៤ម៉ែត្រ គុណ៦ម៉ែត្រ ជូនក្រុមគ្រួសារ លោក ចាន់ រ៉ាវី ដើម្បីបានស្នាក់នៅសមរម្យផងដែរ ដោយសារគាត់មានជម្រកស្នាក់នៅមិនសមរម្យ៕