(ភ្នំពេញ)៖ ជនទាំងឡាយដែលចូលមកប្រទេសកម្ពុជា មិនថាខ្មែរ ឬបរទេស នឹងត្រូវធ្វើតេស្តដោយយកសំណាកវត្ថុវិភាគដោយក្រុមពេទ្យ និងរងចាំលទ្ធផលរយៈពេល២៤ម៉ោង មុននឹងសម្រេចឱ្យចេញទៅធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ។ នេះបើតាមរបាយការណ៍នៃក្នុងកិច្ចប្រជុំរបស់គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្ដមាន លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។

តាមរបាយការណ៍បានឱ្យដឹងថា ដោយមានការសម្របសម្រួលពីអាជ្ញាធរថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់ទីកន្លែងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ត្រូវកំណត់ដូចតទៅ៖

* សម្រាប់ជនជាតិខ្មែរ និងបរទេស ដែលមិនមានលទ្ធភាពបង់ប្រាក់ មានការរៀបចំកន្លែងជូនស្នាក់នៅតាមសាលារៀន ដែលជាទីកន្លែងបានរៀបចំទុករួចជាស្រេចតាំងពីខែមេសា ឆ្នាំ២០២០ កន្លងទៅ។

* សម្រាប់ជនជាតិខ្មែរ និងបរទេសដែលមានលទ្ធភាពបង់ប្រាក់ នឹងមានការៀបចំដាក់ឱ្យស្នាក់នៅតាមសណ្ឋាគារ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានអាកាសយានដ្ឋានអន្តេរជាតិ ឬច្រកចេញ ចូលអន្តរជាតិ។

សម្រាប់កម្មករ ឬពលករដែលមានក្រុមហ៊ុន និងមេការទទួលខុសត្រូវ អង្គប្រជុំបានសម្រេចឱ្យក្រុមហ៊ុន ឬមេការទទួលខុសត្រូវលើប្រាក់ចំណាយស្នាក់នៅរបស់អ្នកដំណើរដែលជាកម្មករ ឬពលករនោះជាចាំបាច់ ប្រសិនបើពលករ ឬកម្មករមិនមានថវិកាសម្រាប់ស្នាក់នៅ និងតម្រូវការផ្សេងៗរបស់ខ្លួន។

ពាក់ព័ន្ធនឹងករណីធ្វើចត្តាឡីស័ក្តិក្នុងសណ្ឋាគារ គឺម្ចាស់សណ្ឋាគារត្រូវជួយដោះស្រាយបញ្ហាប្រឈមចំពោះការចម្លងវីរុស កូវីដ១៩ រួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងដំណាក់កាលលំបាកនេះ។

គូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានសម្រេចចេញដំណោះស្រាយថ្មីមួយទៀត ជូនប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេស ដែលកំពុងធ្វើដំណើរ ឬមានបំណងធ្វើដំណើរមកប្រទេសកម្ពុជាវិញ មិនតម្រូវឲ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថា គ្មានជំងឺឆ្លងកូវីដ-១៩ទេ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា វិធានការនេះ នឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេស ឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារ នៅក្នុងប្រទេសខ្លួនវិញ។

រហូតមកដល់ពេលនេះកម្ពុជា មានអ្នកការឆ្លងជំងឺកូវីដ១៩ សរុប១២៤ករណី ដោយក្នុងនោះមានអ្នកជំងឺ១២២នាក់បានជាសះស្បើយ និង ២នាក់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕