(ភ្នំពេញ)៖ ក្រុមហ៊ុន R & F Properties HS (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ និងពិភពលោក បានចុះកិច្ចសន្យាសហការបន្តរយៈពេល១២ (ដប់ពីរ) ខែ ជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ដោយផ្តោតសំខាន់លើការងារសេវាកម្មច្បាប់ ដើម្បីបង្កើននូវប្រសិទ្ធភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ក៏ដូចជាបង្កើននូវជំនឿចិត្តដល់អតិថិជនរបស់ក្រុមហ៊ុន។

ពិធីចុះកិច្ចសន្យាសហការនេះ បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន R & F Properties HS (Cambodia) Co., Ltd នៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស កែងផ្លូវ៣៣៤ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រុមហ៊ុន R & F Properties HS (Cambodia) Co., Ltd គឺជាផ្នែកមួយនៃក្រុមហ៊ុន R&F Group ដែលបានបង្កើតឡើងនៅទីក្រុងក្វាងចូវ ប្រទេសចិន និងបានពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់ទីក្រុង និងតំបន់នានា ជាង១០០ នៅក្នុងប្រទេសចិន និងបណ្តាប្រទេសផ្សេងៗ។ គម្រោងអាជីវកម្មរបស់ក្រុមហ៊ុន គឺផ្តោតសំខាន់លើការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានបែបថ្មី និងទំនើប ដែលមានអគារខ្ពស់ៗ និងប្រណីតលំដាប់កំពូលនៅកណ្តាលទីក្រុង។ បច្ចុប្បន្ន ក្រៅពីទីផ្សារក្នុងប្រទេសចិន ក្រុមហ៊ុន R & F Group បានឈានជើងចូលទីផ្សារបរទេសជាច្រើនដូចជា៖ ម៉ាឡេស៊ី, អូស្រ្តាលី, អង់គ្លេស, និងកម្ពុជា ជាដើម ។ អ្វីដែលពិសេសជាងនេះទៅទៀត ទោះស្ថិតក្នុងដំណាក់កាលនៃវិបត្តិជម្ងឺកូវីដ១៩ក៏ដោយ ក៏ក្រុមហ៊ុននៅតែទទួលបានការគាំទ្រ និងការទុកចិត្តពីសំណាក់អតិថិជនជាតិ និងអន្តរជាតិ តាមរយៈការលក់ទិញផ្ទះល្វែង (Shophouse) និងបន្ទប់ខុនដូរជាច្រើន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន R & F Properties HS (Cambodia) Co., Ltd និងក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានចុះកិច្ចសន្យាសហការលើកទីមួយ ចាប់តាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ មកម្លេះ។ ក្រោយពេលកិច្ចសន្យាអស់សុពលភាព ក្រុមហ៊ុន R & F Properties HS (Cambodia) Co., Ltd បានសម្រេចចុះកិច្ចសន្យាសហការបន្តជាមួយក្រុមមេធាវី ដោយហេតុថាក្រុមហ៊ុនមានទំនុកចិត្តលើការផ្ដល់សេវាកម្មច្បាប់របស់ក្រុមមេធាវី ដែលប្រកបដោយប្រសិទ្ធិភាព ទាន់ពេលវេលា និងជួយសម្រួលដល់ដំណើរប្រតិបត្តិការរបស់ក្រុមហ៊ុនបានយ៉ាងល្អប្រសើរ។

នៅក្នុងឱកាសនៃពិធីចុះកិច្ចសន្យាសហការបន្តនេះ លោកមេធាវី លី រដ្ឋធី ប្រធានក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញចំណាប់អារម្មណ៍ថា ការចុះកិច្ចសន្យាសហការបន្ត (ផ្តល់សេវាកម្មច្បាប់) ជាមួយក្រុមហ៊ុន R&F Properties HS (Cambodia) Co., Ltd គឺជាមោទនភាពមួយរបស់ក្រុមមេធាវី ដោយហេតុថា ក្រុមហ៊ុន R&F Properties HS (Cambodia) Co., Ltd ជាក្រុមហ៊ុនវិនិយោគដ៏ធំ និងមានស្តង់ដារអន្តរជាតិ។

លោកមេធាវីបានបញ្ជាក់បន្ថែមទៀតថា ការណ៍ដែលក្រុមហ៊ុនមានលក្ខណៈស្តង់ដារអន្តរជាតិដូចជាក្រុមហ៊ុន R&F Properties HS (Cambodia) Co., Ltd សម្រេចជ្រើសរើសការផ្តល់សេវាកម្មច្បាប់ពីក្រុមមេធាវីរបស់លោក ជាការឆ្លុះបញ្ចាំងថា សមត្ថភាព និងជំនាញរបស់មេធាវីកម្ពុជានាពេលបច្ចុប្បន្នមានការរីកចម្រើន និងអភិវឌ្ឍជាលំដាប់ និងបានផ្តល់នូវទំនុកចិត្តដល់អ្នកវិនិយោគជាតិ និងអន្តរជាតិយ៉ាងពិតប្រាកដ។
កត្តានេះក៏ជាការទាក់ទាញបណ្តាអ្នកវិនិយោគិនអន្តរជាតិមកធ្វើការវិនិយោគបន្ថែមនៅកម្ពុជាផងដែរ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើនការងារដល់ប្រជាពលរដ្ឋកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ៕