(ភ្នំពេញ)៖ លោក Jose De Venecia ប្រធានស្ថាបនិក និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិ នៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងប្រធានអង្កការអ្នកប្រជាធិបតេយ្យនិយម កណ្ដាលអន្តរជាតិ (CAPDI) បានផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារចំពោះមរណភាព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ម្តាយក្មេករបស់សម្តេចតេជោ។

តាមលិខិតរបស់ស្ថាបនិក ICAPP ដែលបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមតំណាងឱ្យសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAP) អ្នកប្រជាធិបតេយ្យ និយមកណ្ដាលអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (CARDI) និងក្រុមគ្រួសារខ្ញុំផ្ទាល់ រួមមានភរិយាខ្ញុំ ហ្គីណា ដី វេណេស្យា អតីតសមាជិកព្រឹទ្ធសភា និងកូនប្រុសខ្ញុំ គ្រីស្តូហ្វី ដី វេណេស្យា សមាជិកព្រឹទ្ធសភា យើងសូមចូលរួម ជាមួយនឹងក្រុមគ្រួសាររបស់សម្ដេច និងប្រជាជនកម្ពុជា ក្នុងខណៈពេលកាន់ទុក្ខចំពោះវិញ្ញាណខន្ធ ព្រឹទ្ធមហា ឧបាសិកា ប៊ុន ស៊ាងលី ដែលត្រូវជាម្ដាយក្មេក និងម្ដាយបង្កើត។

ការលាចាកឆ្ងាយរបស់ ព្រឹទ្ធមហាឧបាសិកា គឺជាទុក្ខដ៏ក្រៀមក្រំក្នុងចិត្តរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសាររបស់សម្ដេច ប៉ុន្តែសូម សម្ដេចស្វែងរកសេចក្ដីស្ងប់ក្នុងផ្លូវចិត្តថា ដួងវិញ្ញាណខន្ធរបស់ ព្រឹទ្ធមហា ឧបាសិកា បានទៅសោយសុខក្នុងសុគតិភពហើយ។ កេរដំណែល និងអនុសាវរីយ៍ របស់ព្រឹទ្ធមហាឧបាសិកា ប៊ុន ស៊ាងលី ដែលបានលះបង់ចំពោះអំពើមនុស្សធម៌ និងបូជាចំពោះព្រះពុទ្ធសាសនា និងសុខុដុមរមនានៃសាសនា នឹងបន្តស្ថិតក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជា ដែលមហាឧបាសិកាបានជួបប្រទះនៅក្នុងជីវិតរបស់លោក។ សូមទទួលនូវការចូលរួមរំលែក មរណទុក្ខដ៏ក្រៀមក្រំពីយើងខ្ញុំ»។

សូមជម្រាបថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា មាតាក្មេក ជីដូន បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២និង១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ៕