(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានចុះត្រួតពិនិត្យ និងណែនាំ ដល់កម្លាំងដែលឈរជើង នៅតាមគោលដៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម សរុបទាំងអស់មាន១១ គោលដៅក្នុង១០ ស្រុក-ក្នុង និងត្រួតពិនិត្យ ការងារតាមបណ្ដាអធិការ និងប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួន ក្នុងការបំពេញសេវារដ្ឋបាលជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានណែនាំដល់គោលដៅរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់ ត្រូវអនុវត្តការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានសីលធម៌ វិជ្ជាជីវៈ ឥរិយាបថ្លៃថ្នូរ ទន់ភ្លន់ និងម៉ឺងម៉ាត់ ហើយត្រូវជៀសវាងឲ្យខាងតែបាន នូវការប៉ះទង្កិចពាក្យសម្ដីមិនសមរម្យជាមួយប្រជាពលរដ្ឋ។

គួរជម្រាបថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការរាជធានី-ខេត្តទាំងអស់ មិនត្រូវដាក់បារ៉ាស់ នៅតាមដងផ្លូវ និងមិនត្រូវហៅរាល់យានយន្តរបស់ប្រជាពលរដ្ឋកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវសួរនាំនោះទេ បើសិនយានយន្តទាំងនោះមិនល្មើសច្បាប់ចរាចរណ៍។

បទបញ្ជារបស់អគ្គស្នងការនគរបាលជាតិរូបនេះ បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរខ្លះមានការថ្នាំងថ្នាក់ ចំពោះនគរបាលចរាចរណ៍មួយចំនួននៅតាមដងផ្លូវ បានដាក់បារ៉ាស់ នៅតាមផ្លូវ និងបានឃាត់រថយន្តរបស់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ ខណៈរថយន្តទាំងនោះមិនមានបទល្មើសចរាចរណ៍។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលកាលពីឆ្នាំ២០១៩ កន្លងទៅ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានបណ្តាលឱ្យមនុស្សជិត២០០០នាក់ បានស្លាប់ និងរាប់ពាន់នាក់បានរងរបួសធ្ងន់-ស្រាល៕