(ភ្នំពេញ)៖ រថយន្តដឹកដីចំនួន៩គ្រឿង មិនមានការគ្របត្រឹមត្រូវ បើកលឿនហុយរំខានដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះទៅឃាត់ដើម្បីអប់រំអ្នកបើក ព្រមទាំងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ សកម្មភាពបែបនេះជាបន្ទាន់។ ការចុះឃាត់រថយន្តទាំងនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រជាពលរដ្ឋ បាននិយាយថា រថយន្តដឹកដីឆ្លងកាត់ក្នុងភូមិឋាន របស់ពួកគាត់ គឺបើកលឿន ហើយពុំមានការគ្របដីឲ្យត្រឹមត្រូវនោះទេ បើទោះបីពួកគាត់នាំគ្នាប្រាប់ជាញយៗយ៉ាងណាក៏ដោយ ក៏អ្នកបើករថយន្តទាំងនោះ នៅតែមិនបន្តសកម្មភាពដដែល ពោលបើកលឿនដូចព្យុះ។ ដោយសារតែពួកគាត់ ពិបាករស់នៅពិបាកពេក ព្រោះតែដីហុយចូលមាត់ចូលចូលច្រមុះ ចូលចានបាយចានសម្លរ បង្កឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ខណៈអាជ្ញាធរមូលដ្ឋានហាក់បីដូចជា ធ្វើមិនដឹងមិនឮ ទើបពួកគាត់សម្រេចចិត្តទៅប្តឹងនគរបាលឲ្យ ជួយអន្តរាគមន៍ ចំពោះរថយន្តទាំងនេះ។ ប្រជា​ពលរដ្ឋបានបន្តទៀតថា រថយន្តចំនួន៩គ្រឿង ជាប្រភេទរថយន្តដឹកដីហៀរហូរពេញផ្លូវ ត្រូវបាននគរបាលឃាត់រួចហើយធ្វើការអប់រំ និងធ្វើកិច្ចសន្យាមិនឲ្យធ្វើទង្វើបែបនេះទៀតនោះទេ ទើបអនុញាត​ឲ្យបន្ត ដំណើរបានទៀត ហើយប្រសិនបើថ្ងៃក្រោយ មិនគោរពកិច្ចសន្យានោះទេ និងធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់។ បើតាមប្រជាពលរដ្ឋ ដោយមានឈ្មួញចាក់លុប​ដីបឹងនៅក្នុងភូមិព្រៃព្រីងខាងជើង ដែលមានទំហំប្រហែលជា២ហិចតា៤ជ្រុង ទើបក្រុមរថយន្តដឹកដីបើកលឿន ប្រដេញជើងគ្នាដើម្បីឲ្យបានជើងច្រើន ដោយមិនមានគ្រប ត្រឹមត្រូវឡើយ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនគេម្នាក់ៗ ពោលមិនបានគិត​ពីទុក្ខលំបាកពលរដ្ឋរស់នៅតាមបណ្តោយផ្លូវនោះ។

ម្យ៉ាងវិញទៀតក្រុមនេះ បានបំផ្លាញផ្លូវមូលនិធិសង្កាត់នៅ ក្នុងមូលដ្ឋានរបស់គាត់ស្ទើរ រលាយហិនហោចអស់ អាជ្ញាធរគួរតែមានវិធានការឲ្យបានតឹងរ៉ឹងទៅលើក្រុមរថយន្តដឹកដីទាំងនេះ។ ដោយមានបណ្តឹងពីប្រជាពលរដ្ឋរងទុក្ខលំបាកដោយសារក្រុមរថយន្តដឹកដីនោះ ទើបនគរបាលបានចុះទៅពិនិត្យឃើញជាក់ស្តែងរួចក៏ឃាត់បានចំនួន៩គ្រឿង ហើយហៅអ្នកបើកមកធ្វើការអបរំ និងឲ្យធ្វើកិច្ចសន្យាឈប់បើកលឿនទីប្រជុំរួចគ្របឲ្យបានត្រឹមត្រូវផង បើមិនដូច្នេះទេថ្ងៃក្រោយ និងចាប់ផាកពិន័យឲ្យរៀងចាល៕