(កំពង់ធំ)៖ ក្រោមការដឹកនាំរបស់លោក សុខ លូ អភិបាលខេត្តកំពង់ធំ ក៏ដូចជាមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងរដ្ឋបាលស្រុកស្ទោង បានរៀបចំប្រព័ន្ធលូរំដោះទឹក ដែលដក់នៅតាមដងផ្លូវជាតិលេខ៦ ស្ថិតនៅភូមិប្រឡាយ ឃុំប្រឡាយ ស្រុកស្ទោង នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។

លោក ណែត សារី អភិបាលស្រុកស្ទោង បានឲ្យដឹងថា ការរៀបចំដាក់លូរំដោះទឹក មានប្រវែង៣៤០ម៉ែត្រ បើគិតជាចំនួនលូស្មើនឹង៣៤០កង់ មាន៦តឹក ដែលជាគម្រោងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ និងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមដងផ្លូវ។

លោកបានបន្តថា កន្លងមកនៅតាមដងផ្លូវ ក្នុងភូមិប្រឡាយ ពេលមានភ្លៀងម្ដងៗ មានទឹកដក់នៅតាមដងផ្លូវ ធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរដូចនេះហើយ ទើបរដ្ឋបាលស្រុកស្ទោង បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានរៀបចំប្រព័ន្ធលូរំដោះទឹក នៅតាមដងផ្លូវដើម្បីងាយស្រួល ដល់បងប្អូន ប្រជាពលរដ្ឋងាយស្រួល ក្នុងការធ្វើដំណើរ ជាពិសេស ដើម្បីថែរក្សាគុណភាពផ្លូវឲ្យជាប់បានយូរ និងកែលម្អសោភ័ណភាព ឲ្យមានភាពស្រស់ស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនា។

ជាមួយគ្នានោះដែរ លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ធំ បានលើកឡើងថា មន្ទីរ ក៏មានគម្រោងរៀបចំប្រព័ន្ធលូ នៅតាមដងផ្លូវដែលកកស្ទះទឹក ជាបន្តបន្ទាប់ដើម្បីជួយរំដោះទឹកចេញពីផ្លូវផងដែរ។

លោក ជូ កុល្លា និងលោក ណែតសារី ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សាសហការ នឹងចូលរួមទាំងអស់គ្នា ជាពិសេសបងប្អូនដែល រស់នៅតាមដងផ្លូវជាតិ សូមកុំចោលសំរាម ឬកាកសំណល់ផ្សេងៗ នៅលើដងផ្លូវឬនៅមាត់លូ ដែលជាហេតុឲ្យមានការរាំងស្ទះទឹក នៅពេលមានភ្លៀងធ្លាក់ និងចាក់ដីខ្ពស់ជាងផ្លូវ៕