(កំពង់ឆ្នាំង)៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូ និងនាំយកម៉ាស៊ីនត្រួតពិនិត្យគុណភាពផ្លូវ ដើម្បីចុះត្រួតពិនិត្យគុណភាពផ្លូវជាតិ៥ ភាគខាងត្បួងដោយផ្ទាល់ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ដំណើរការបង្ហាប់គ្រឹះសាង់សង់ផ្លូវជាតិលេខ៥ ភាគខាងត្បូងនេះ បានត្រឹមត្រូវតាមស្ទង់ដារបច្ចេកទេស ដែលក្រសួងសាធារណការបានកំណត់។

ក្នុងឱកាសចុះត្រួតពិនិត្យគុណភាពផ្លូវជាតិលេខ៥នេះ ក៏មានការចូលរួមពីគណៈប្រតិភូ មន្ត្រីត្រួតពិនិត្យបច្ចេកទេស តំណាងក្រុមហ៊ុនសាងសង់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ផ្លូវនេះគឺមានសារៈសំខាន់ណាស់ ដែលវាគឺជាផ្លូវធំមួយសម្រាប់អាស៊ាន ដែលបានភ្ជាប់ពីប្រទេស ចិន ចូលភូមា ឆ្លងកាត់ថៃ ចូលមកកម្ពុជា និងបន្តឆ្ពោះទៅវៀតណាម ដូចនេះការដឹកទំនិញឆ្លងកាត់កម្ពុជា គឺត្រូវឆ្លងកាត់ផ្លូវជាតិលេខ៥នេះឯង ហើយវាគឺមានសារៈសំខាន់ណាស់ ក្នុងការពង្រីកផ្លូវមួយខ្សែនេះ វាអាចជួយកាត់ បន្ថយគ្រោះថ្នាក់ចររាចរណ៍ផង សម្រួលដល់ការដឹកទំនិញផង ហើយវាបានផ្តល់ផលប្រយោជន៍ច្រើនដល់ប្រទេស កម្ពុជា ដូចនេះផ្លូវនេះត្រូវតែធ្វើឱ្យមានគុណខ្ពស់ ដើម្បីឱ្យបានជាប់រឹងមាំ និងប្រើប្រាស់បានយូរអង្វែងតទៅមុខទៀត។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការសាងសង់ផ្លូវជាតិលេខ៥ភាគខាងត្បួងនេះ បានសម្រេចការសាងសង់បានចំនួន២៩ភាគរយ ហើយបន្ទាប់ពីសាងសង់ផ្លូវនេះរួច នឹងអាចផ្តល់ផល ប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រទេសជាតិទាំងមូល ក្នុងការដឹកជញ្ជូនទំនិញដោយប្រើប្រាស់ពេលវេលាតិចជាងមុន និងអាចចូលរួមកាត់បន្ថយការកកស្ទះចររាចរណ៍ផងដែរ។

សូមបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង ចាប់ពីព្រែក ក្តាម (ខេត្តកណ្តាល) ដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) មានប្រវែងសរុប ១៣៥.២៤គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន០៣រួមមាន៖ ខេត្តកណ្តាលប្រវែង ៤.២៥ គីឡូម៉ែត្រ ខេត្តកំ ពង់ឆ្នាំងប្រវែង ៩៣.៥៤គីឡូម៉ែត្រ និងខេត្តពោធិ៍សាត់ប្រវែង ៣៧.៤៥គីឡូម៉ែត្រ ដោយក្រាលបេតុងកៅស៊ូAC ចែកជា២គន្លងទៅ២គន្លងមក គ្រោងប្រើរយៈពេលសាង សង់ចំ នួន៤៨ខែ ហើយគិតមកដល់ពេលនេះសម្រេចបាន២៩%៕