(ភ្នំពេញ)៖ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានសម្តែងការសោកស្តាយ ចំពោះការប្រគល់តំណែងអគ្គលេខាធិការ គ.ជ.ប ឱ្យទៅ លោក ទេព នីថា ដែលធ្លាប់កាន់តំណែងនេះ ២អាណត្តិកន្លងមក ប៉ុន្តែតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា បានគាំទ្រចំពោះសេចក្តីសម្រេចនេះ ដោយសារតែឈរលើ គោលការណ៍ច្បាប់ គ.ជ.ប

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បាននិយាយថា ការដាក់មនុស្សដដែលនេះ នឹងធ្វើឱ្យរូបភាព គ.ជ.ប ថ្មី មានលក្ខណៈមិនល្អ នៅក្រសែភ្នែកមហាជន ហើយថា បើសិនជាអាចដាក់មនុស្សថ្មីបាន រូបភាព គ.ជ.ប ថ្មី នឹងមើលទៅកាន់តែល្អជាងមុន។

លោកថា «វាជាសិទ្ធិសម្រចរបស់ គ.ជ.ប ប៉ុន្តែខ្ញុំមានការសោកស្តាយដែរ ទោះបីជាច្បាប់មិនបានផ្តល់អំណាចធំ ទៅដល់អគ្គលេខាធិការ គ.ជ.ប ក៏ដោយ ប៉ុន្តែបើយើងបានមនុស្សថ្មីនោះ វានឹងល្អជាងមនុស្សដដែល ព្រោះលោកទេពនីថា គាត់បានធ្វើកិច្ចការនេះ យូរឆ្នាំណាស់ហើយ»

ទោះជាយ៉ាងនេះក្តី តំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានគាំទ្រទៅនឹងការសម្រេចនេះ។ លោកថាជាសម្រេច ដោយអនុឡោម ទៅតាមច្បាប់ គ.ជ.ប ដែលរៀបចំដោយគណបក្ស មានអសនៈនៅក្នុងរដ្ឋសភាទាំងពីរ។ លោកថាការសម្រេចរបស់ គ.ជ.ប នឹងមិនអាចតម្រូវតាមចិត្ត គណបក្សនយោបាយណាមួយឡើយ។

លោក សុខ ឥសាន៖ «ខ្ញុំគោរពតាមការសម្រេចរបស់ គ.ជ.ប ដែលធ្វើត្រឹមត្រូវទៅតាមនីតិវិធី ហើយគ្មានហេតុផលណា ដែលចោទថា មិនត្រឹមត្រូវនោះទេ ព្រោះគណបក្ស ដែលមានអសនៈទាំងពីរ នៅក្នុងរដ្ឋសភា បានឯកភាពគ្នា ជ្រើសរើសយករូបមន្តកសាងបាននូវ គ.ជ.ប ហើយ គ.ជ.ប ជាស្ថាប័នកំពូលមួយ ដែលមានដាក់នៅក្នុងរដ្ឋធម្មនុញ្ញផង ហើយបង្កើតច្បាប់មួយ គេហៅថា ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ គ.ជ.ប អញ្ចឹងការជ្រើសរើសអគ្គលេខាធិការ ឬអគ្គលេខាធិការរងរបស់ គ.ជ.ប នេះ គឺ គ.ជ.ប អនុវត្តបានត្រឹមត្រូវទៅតាម គោលការណ៍ច្បាប់ ដែលមានចែងនេះ»

សូមបញ្ឌាក់ថា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ សមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គ.ជ.ប ទាំង ៩រូប បានសម្រេចជ្រើសរើស លោក ទេព នីថា ឲ្យបន្តគ្រងតំណែងអគ្គលេខាធិការបន្តទៅទៀត។ ដោយឡែកតំណែងអគ្គលេខាធិការរង ៤រូបបានទៅលើ លោក ម៉ៅ សុភារិទ្ធ ទទួលបន្ទុកនាយកដ្ឋាន គ្រប់គ្រងទិន្នន័យ និងបញ្ជីឈ្មោះអ្នកបោះឆ្នោត និងនាយកដ្ឋានប្រតិបត្តិការ,​លោក សោម សូរីដា ទទួលបន្ទុកនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម, លោក នី ចរិយា អតីតបុគ្គលិកសមាគមការពារសិទ្ធិមនុស្ស ត្រូវទទួលបន្ទុកនាយកដ្ឋាន សវនកម្មផ្ទៃក្នុង និងលោក ម៉ុក ដារ៉ា សាស្រ្តាចារ្យច្បាប់ និងជំនួយការច្បាប់អង្គការនិកហ្វិច ត្រូវទទួលបន្ទុកនាយកដ្ឋាន​ បណ្តុះបណ្តាល អប់រំ អ្នកបោះឆ្នោត និងនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ។

តំណាងរាស្រ្តនៃគណបក្សមានអសនៈ នៅក្នុងរដ្ឋសភាទាំងពីរ បានលើកឡើងដូចគ្នាថា ទោះជាយ៉ាង តាមច្បាប់ គ.ជ.ប អគ្គលេខាធិការ និងអគ្គលេខាធិការរង​ គ.ជ.ប ថ្មីនេះ នឹងមិនមានសិទ្ធិនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តធំៗនោះទេ ដោយគ្រាន់តែអាចអនុវត្ត ទៅតាមការសម្រេចរបស់ គ.ជ.ប តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា គ.ជ.ប ដែលទើបបង្កើតឡើងថ្មី មានសមាសភាព៩រូប ក្នុងនោះមាន៤រូប ត្រូវបានជ្រើសរើស ដោយគណបក្សប្រជាជនកម្ពុជា ៤រូបត្រូវបានជ្រើសរើស ដោយគណបក្សសង្រ្គោះជាតិ និង១រូប ជាតំណាងមកពីអង្គការសង្គមស៊ីវិល ដែលជ្រើសរើស ដោយគណបក្សទាំងពីរ៕