(ភ្នំពេញ)៖ លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ (CNRP) ក្រោយត្រឡប់មកពីជួបអ្នកគាំទ្រក្រៅប្រទេស នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ នឹងដឹកនាំមន្រ្តី និងសកម្មជនគណបក្សសង្រ្គោះជាតិ ចូលទៅសួរសុខទុកសមាជិក និង សកម្មជនគណបក្សសង្រ្គោះជាតិ ១៥រូប ដែលកំពុងជាប់ពន្ធនាគារព្រៃសរ។

ជនជាប់ចោទទាំង១១នាក់នេះ រួមមាន៖ ទី១-ឈ្មោះ មាជ សុវណ្ណារ៉ា, ទី២-ឈ្មោះ អឿ ណារិន, ទី៣-ឈ្មោះ ឃិន រឿន ហៅឃិន ចំរើន, ទី៤-ឈ្មោះ នាង សុឃុន, ទី៥ -ឈ្មោះ សាន គឹមហេង, ទី៦-ឈ្មោះ ស៊ុ ពុទ្ធី, ទី៧-ឈ្មោះ កែ ឃីម ហៅ វិន ឌី, ទី៨- ឈ្មោះ ទេព ណារិន, ទី៩-ឈ្មោះ អាន បឋម ហៅ សុខុម ទី៩-ឈ្មោះ សាន សីហៈ ទី១១- ឈ្មោះ អ៊ុក ពេជ្រសំណាង ទី១២- ឈ្មោះ យន់ គឹមហួរ ទី១៣- ឈ្មោះ រឿន ចិត្រា ទី១៤- ឈ្មោះ ហុង សុខហួរ និងទី១៥- ឈ្មោះ យា ថុង។

មន្រ្តី និងសកម្មជនគណបក្សសង្រ្គោះជាតិទាំង ១៥នាក់ ត្រូវបានជាប់ពន្ធនាគារអស់រយៈពេលជាច្រើនខែមកហើយ។ មន្រ្តី និងសកម្មជន១៤នាក់ បានជាប់ចោទពីបទ «ដឹកនាំកូបកម្ម និង ចូលរូមក្នុងអំពើកូបកម្ម» ពាក់ព័ន្ធនឹងអំពើហិង្សាដ៏ឃោរឃៅមួយ នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។

ដោយឡែកលោក ហុង សុខហួរ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ត្រូវសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់លោកពីបទល្មើសចំនួន៣ករណី រួមមាន៖ ក្លែងឯកសារសាធារៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និង ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕