(កោះកុង)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យរដ្ឋបាលព្រៃឈើ គួររៀបចំកិច្ចប្រជុំជាមួយ ក្រុមហ៊ុនឧស្សាហកម្មឈើដាំទូទាំងប្រទេស ដើម្បីស្វែងរកចំណុចខ្លាំង ចំណុចខ្វះខាត ធ្វើការកែលម្អ សិក្សា និងដកស្រង់បទពិសោធន៍នៃការប្រើប្រាស់ដី ពូជ បច្ចេកទេសកែច្នៃ ធ្វើយ៉ាងណាប្រើប្រាស់ធនធានដីព្រៃរបស់រដ្ឋ ឱ្យអស់សក្តានុពល មានប្រសិទ្ធភាពទាំងសង្គម សេដ្ឋកិច្ច និងបរិស្ថាន ប្រើប្រាស់វត្ថុធាតុដើមឈើឱ្យអស់លទ្ធភាព បង្កើនការផ្គត់ផ្គង់បរិមាណឈើដាំដល់វិស័យសំណង់ និងវិស័យកែច្នៃគ្រឿងសង្ហារឹមដែលបាន និងកំពុងមានការកើនឡើង និងចូលរួមទប់ស្កាត់បទល្មើស ការកាប់ទន្រ្ទានដីព្រៃកាន់កាប់ និងការកាប់ឈើខុសច្បាប់ផងដែរ។

ការណែនាំរបស់លោករដ្ឋមន្ត្រី វេង សាខុន ក្នុងឱកាសអញ្ជើញមកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអភិវឌ្ឍឧស្សាហកម្មឈើដាំ លើដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនខេម៉ាហ្រ្គា អិនវេមេនគ្រុប នៅស្រុកស្រែអំបិលខេត្តកោះកុង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ។

ក្នុងឱកាសចុះពិនិត្យនោះ លោក សឹម ស៊ីនួន តំណាងក្រុមហ៊ុនខេម៉ាហ្រ្គា បានបញ្ជាក់ថា ក្រុមហ៊ុនបានចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍឧស្សាហកម្មឈើដាំលើដី សម្បទានសេដ្ឋកិច្ចចំនួន៨,០០០ហិកតា ក្នុងខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តកំពត។

លោក សឹម ស៉ីនួន បានឲ្យដឹងទៀតថា បច្ចុប្បន្នដាំបាន៥០០០ហិកតា ជាឈើអាកាស្យាដោយប្រើពលកម្មចំនួន៤៥០នាក់ ។ ការបង្កាត់បន្តពូជតាមរយៈការកាត់ត្រួយបណ្តុះដាំ ដោយក្នុង១ខែអាចបណ្តុះកូនបាន៤៥០ពាន់កូន។
ក្រុមហ៊ុនក៏មានរោងសិប្បកម្មកែច្នៃក្តាបន្ទះ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។ ក្រៅពីការដាំដុះឈើ ក្រុមហ៊ុនសហការជាមួយគម្រោងកម្មវិធី ផ្សព្វផ្សាយបច្ចេកទេស កសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកសកាសធាតុ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផលិតផ្ទះសំណាញ់ផ្តល់ឱ្យសហគមន៍ដាំបន្លែនៅទូទាំងប្រទេស។

បន្ទាប់ពីអញ្ជើញពិនិត្យខ្សែច្រវាក់ផលិតកម្មបណ្តុះកូនឈើ និងរោងសិប្បកម្មច្រៀកឈើជាបន្ទះៗ និងផ្ទះសំណាញ់រួចមក លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាន និងជាពិសេសបាននាំយកបច្ចេកវិទ្យាដាំបន្លែ ក្នុងផ្ទះសំណាញ់ ការប្រើប្រព័ន្ធដំណក់ទឹក មកផ្សព្វផ្សាយជូនកសិករ ដែលបច្ចេកវិទ្យានេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យផលិតកម្មបន្លែសុវត្ថិភាព នាពេលបច្ចុប្បន្ន។

លោករដ្ឋមន្រ្តី បានណែនាំឲ្យក្រុមហ៊ុនខិតខំប្រឹងប្រែងបន្ថែមទៀត ដោយសហការជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត ដើម្បីពន្លឿនសកម្មភាពលើការងារដាំដុះឲ្យគ្រប់ តាមផែនការដែលបានគ្រោងទុក។ គួរសិក្សាពីការប្តូរ ឬសាកពិសោធន៍ពូជអាកាស្យាថ្មី ដែលមានទិន្នផលខ្ពស់ ប្រើពេលតិច និងលូតលាស់លឿន ក្នុងទិសដៅធ្វើយ៉ាងណាលើកកម្ពស់សមត្ថភាពផ្គត់ផ្គង់ផលិតផលឈើដាំឧស្សាហកម្មលើទីផ្សារក្នុង និងក្រៅប្រទេស ធ្វើការប្រកួតប្រជែង ជំរុញការប្រើប្រាស់ផលិត ផលឈើដាំ កាត់បន្ថយការប្រើប្រាស់ឈើធម្មជាតិ និងជាពិសេសបង្កើត និងរក្សាបាននូវគម្របព្រៃឈើ បង្កើតការងារ បង្កើនចំណូល រក្សាបរិស្ថានក្នុងតំបន់នេះ និងនិរន្តរភាពសេដ្ឋកិច្ចជាតិ។

នៅរសៀលថ្ងៃដដែលលោករដ្ឋមន្រ្តី បានអញ្ជើញចុះមកពិនិត្យ សកម្មភាពចិញ្ចឹមត្រីឆ្ពង់ក្នុងបែរបស់លោក សេង ចន្ថា នៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

លោក សេង ចន្ថា កំពុងចិញ្ចឹមត្រីឆ្ពង់ក្នុងបែចំនួន១៨ដាក់កូនត្រី ៦00-៧00/បែ។ ទីផ្សារបច្ចុប្បន្នត្រីឆ្ពង់១គីឡូក្រាមតម្លៃ១៥,000រៀល តម្លៃនេះធ្លាក់ចុះបន្តិច និងខ្វះទីផ្សារបន្ទាប់ពីវិបត្តិជំងឺឆ្លងសកលកូវិដ-១៩ ដែលជាហេតុមានសល់ត្រីក្នុងបែ និងលើសទម្ងន់។

បន្ទាប់ពីពិនិត្យឃើញទិដ្ឋភាព និងសកម្មភាពចិញ្ចឹមត្រីក្នុងបែរួចមក លោករដ្ឋមន្រ្តី និងស្រីអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកាន់យករបរចិញ្ចឹមត្រីឆ្ពង់ដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងខេត្ត។

បើទោះជាតម្រូវការទីផ្សារ និងតម្លៃមានការធ្លាក់ចុះបន្តិចក្តី លោករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យពួកគាត់បន្តរក្សាមុខរបរនេះ រង់ចាំស្ថានភាពល្អប្រសើរឡើងវិញ ពីព្រោះនេះគឺជាអាជីពយ៉ាងរឹងមាំ និងជាប្រភពចំណូលក្នុងគ្រួសារ យើងមានបទពិសោធន៍ និងចុះទុនវិនិយោគជាច្រើន ដូច្នេះត្រូវអត់ធ្មត់ តស៊ូរង់ចាំឱកាសល្អវិញ។ លោកបានណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជួយទំនាក់ទំនងរកឈ្មួញនៅទីក្រុងភ្នំពេញ និងទីផ្សារក្រៅពីខេត្តព្រះសីហនុ ដើម្បីជួយរំដោះផលត្រីដែលមានក្នុងស្តុក។

នៅក្នុងស្ថានភាពល្អប្រសើរគួរជួយរៀបចំផែនការផលិតកម្ម និងអនុវត្តបច្ចេកទេសបានត្រឹមត្រូវដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់។

សូមជម្រាបជូនថា តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង បានឱ្យដឹងថា នៅទូទាំងខេត្តការចិញ្ចឹមត្រីក្នុងបែបានចំនួន ១៦០បែ អាចប្រមូលផលបាន ៦៥តោន ការចិញ្ចឹមត្រីទឹកប្រៃក្នុងស្រះមាន ៥ស្រះ អាចប្រមូលផលបាន ២៥តោន ការចិញ្ចឹមគ្រែងឈាមលើផ្ទៃដី ៥២៤ហិចតា ប្រមូលផលបាន ១៤,០០០តោន ការចិញ្ចឹមគ្រំចំពុះទាលើផ្ទៃដី ៨ហិចតា ប្រមូលផលបាន៣៥០តោន សរុបបរិមាណផលត្រីទឹកប្រៃ គ្រែង គ្រំ ចំនួន ១៤,៤៥០តោនក្នុង១ឆ្នាំ៕