(កំពង់ចាម)៖ ព្រះសង្ឃវត្តមហាមន្ត្រីជាច្រើនអង្គ បាននាំនូវទេយ្យវត្ថុយកទៅចែកជូនចាស់ជរាមួយចំនួន ដែលមានជីវភាពខ្វះខាតក្នុងគ្រួសារ។

សកម្មភាពចែកទាននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ នៅភូមិតាម៉ូត ឃុំគរ ស្រុកព្រៃឈរ និងនៅភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានព្រះតេជគុណ ភាន់ សិទ្ធិ និងព្រះតេជគុណ ហូយ ម៉េងទៀង ជាព្រះប្រធានដឹកនាំ។

ព្រះតេជគុណ ភាន់ សិទ្ធិ មានសង្ឃដីការថា ព្រោះកូវីដ១៩ បានធ្វើឲ្យប្រជាពលរដ្ឋមានការលំបាកក្នុងការផ្គត់ផ្គង់ជីវភាព។ ជាពិសេសចាស់ៗជរាគ្មានប្រាក់ចំណូលគ្មានទីពឹង។ ការជួយគ្នាក្នុងគ្រាលំបាក គឺជារឿងល្អសម្រាប់សង្គមជាតិ ហើយនេះគឺសរបញ្ជាក់ឲ្យឃើញថា ព្រះសង្ឃនៅតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ។

ព្រះអង្គបានអំពាវនាវថា «សូមឲ្យព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាសប្បុរសជននានាចូលរួមចែករំលែក និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ។ ជាពិសេសអ្នកមានជីវភាពខ្វះខាត»

ព្រះតេជគុណ ហូយ ម៉េងទៀង ក៏បានមានសង្ឃដីការដែរថា បច្ចុប្បន្នភាពព្រះពុទ្ធសាសនា នៅតែដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែកនូវកិច្ចការនានាក្នុងសង្គម។ ជាពិសេសព្រះសង្ឃជាកម្លាំងចលករមួយដ៏មានសក្ដានុពល សមដូចពាក្យបុរាណលោកពោលថា សុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ជាសុខទុក្ខរបស់ព្រះសង្ឃ ព្រោះឆ្នាំងបាយព្រះសង្ឃនៅជាមួយប្រជាពលរដ្ឋ។

ព្រះអង្គមានសង្ឃដីកាបន្តថា «បើប្រជាពលរដ្ឋជួបទុក្ខលំបាក ព្រះសង្ឃក៏មិនស្រួលដែរ ដូចនេះហើយត្រូវជួយគ្នាទៅវិញទៅមក»

គួរបញ្ជាក់ផងដែរថា ទានសម្រាប់ចែកជូនចាស់ជរា មានជីវភាពខ្វះខាត ក្នុងមួយគ្រួសារទទួលបានអង្ករ៥០គីឡូក្រាម ទឹកត្រី ទឹកស៉ីអ៉ីវ មី ត្រីខ ភេសជ្ជៈ ប្រលុង និងបច្ច័យមួយចំនួនផងដែរ៕