(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយរដ្ឋាភិបាលប៉ាគីស្ថាន និងក្រុមគ្រួសារជនរងគ្រោះទាំងអស់ ចំពោះហេតុការណ៍ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន នៅទីក្រុងការ៉ាជី។

សារលិខិតចូលរួមរំលែកទុក្ខតាមរយៈលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «តាងនាមរាជរដ្ឋាភិបាលកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយរដ្ឋាភិបាលប៉ាគីស្ថាន និងក្រុមគ្រួសារជនរងគ្រោះទាំងអស់ចំពោះការបាត់បង់ដ៏ធំធេងនេះ និងសូមជូនពរឱ្យជនរងគ្រោះដែលនៅរស់រានមានជីវិបានឆាប់ជាសះស្បើយឡើងវិញ»

សូមបញ្ជាក់ថា យន្តហោះមួយគ្រឿង នៃអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន (PIA) បានធ្លាក់នៅក្នុងទីក្រុងការ៉ាជី កាលពីល្ងាចថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ។ ហេតុការណ៍នេះ បណ្តាលឱ្យអ្នកដំណើរលើយន្តហោះ ៩៧នាក់បានស្លាប់បាត់បង់ជីវិត ហើយអ្នកដំណើរពីរនាក់ ត្រូវបានរកឃើញនៅមានជីវិត។

យន្តហោះរបស់អាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន PIA បានហោះហើរពីទីក្រុងឡាហ័រ (Lahore) នៃខេត្តផាន់ចាប់ (Punjab) សំដៅទៅទីក្រុងការ៉ាជី រួចក៏បានដាច់ការទាក់ទងនៅវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃសុក្រ។ យន្តហោះនេះត្រូវបានរាយការណ៍ថា វាបានធ្លាក់លើតំបន់មានផ្ទះប្រជាជនច្រើន ស្ថិតនៅទីក្រុងការ៉ាជី។

សម្រាប់មូលហេតុនៃការធ្លាក់វិញ គឺមិនទាន់មានការបញ្ជាក់នោះទេ ប៉ុន្តែយន្តហោះនេះ ទើបតែត្រូវបានដាក់ឲ្យដំណើរការវិញបានមួយថ្ងៃប៉ុណ្ណោះ ក្រោយអាជ្ញាធរប៉ាគីស្ថាន ដកបំរាមហោះហើរ ដែលត្រូវបានដាក់ដើម្បីទប់ស្កាត់ COVID-19នោះ៕