(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តរំលឹកប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែងទាំងអស់ ឱ្យប្រុងប្រយ័ត្នបានខ្ពស់ចំពោះការរីករាលដាលជំងឺកូវីដ១៩ ខណៈកម្ពុជារកឃើញអ្នកឆ្លងថ្មីចំនួនពីរនាក់។

តាមរយៈទំព័រ Facebook នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២ោនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា កាលពីសប្តាហ៍មុនកម្ពុជា បានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ បានជាសះស្បើយទាំង១២២នាក់។ ប៉ុន្តែក្នុងសប្តាហ៍នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់មកវិញ។

សម្តេចតេជោ បានកត់សម្គាល់ទៀតថា ស្ថិតិអ្នកឆ្លងជំងឺកូវីដ១៩ តាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO) បានកើនឡើងរហូតដល់ជិត៥លាននាក់ហើយ ក្នុងនោះអ្នកស្លាប់ជាង៣០ម៉ឺននាក់។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា ជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ គឺកាចសាហាវខ្លាំងណាស់ ហើយបាននិងកំពុងវាយលុកលើប្រទេសចំនួន ២១៦ហើយ។

ជាមួយការកត់សម្គាល់នេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកប្រជាពលរដ្ឋត្រូវមានការយល់ដឹងខ្ពស់អំពីជំងឺឆ្លងដ៏កាចសាហាវនេះ ដោយបង្កើនអនាម័យសុខភាពរស់នៅឱ្យបានល្អ។ ជាពិសេសត្រូវពាក់ម៉ាស ឬក្រម៉ា ហើយត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំជាមួយសាប៊ូ, ទឹកអាល់កុល ឬជែលកម្ចាត់មេរោគ និងបាក់តេរីផ្សេងៗ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានក្រើនរំលឹកប្រជាពលរដ្ឋថា បើមានការសង្ស័យទៅលើនរណាម្នាក់ ឬចំពោះខ្លួនឯងផ្ទាល់ សូមទូរស័ព្វទៅលេខ ១១៥។

សម្តេចតេជោ បានអំពាវនាវថា «សូមកុំចម្លងរោគពីយើងទៅគេ ហើយក៏កុំចម្លងរោគពីគេមកក្រុមគ្រួសារយើងផងដែរ។ កន្លែងណាដែលមិនចាំបាច់ទៅ សូមកុំទៅ។ ជាពិសេសទីកន្លែងដែលមានក្រុមមនុស្សច្រើន។ សូមស្តាប់ និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជានិច្ច»

សូមបញ្ជាក់ថា កម្ពុជា បន្ទាប់ពីស្ងប់ស្ងាត់ជាងមួយខែ ស្រាប់តែនៅក្នុងសប្តាហ៍នេះ បានរកឃើញអ្នកឆ្លងថ្មីចំនួនពីរនាក់។ អ្នកឆ្លងទាំងពីរនាក់ គឺបានឆ្លងពីក្រៅប្រទេសមួយនាក់ត្រឡប់មកពីហ្វីលីពីន និងមួយនាក់ទៀត ត្រឡប់មកពីសហរដ្ឋអាមេរិក។ អ្នកឆ្លងថ្មីទាំងពីរនាក់ទៀត សុទ្ធតែបានដូរជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង។

មកដល់ពេលនេះកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ១២៤នាក់ហើយ។ ក្នុងនោះ១២២នាក់ ព្យាបាលជាសះស្បើយ និងអ្នកកើតថ្មីពីរនាក់ កំពុងទទួលការព្យាបាលពីក្រុមគ្រូពេទ្យ៕