(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលបាននូវសម្ភារការពារសំខាន់ៗ ដូចជាម៉ាសមុខ១០,០០០បន្ទះ ជែលលាងដៃ១,០០០ដប និងទឹក អាល់កុលលាងដៃ១៨០លីត្រ ពីណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវ ការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីចូលរួមទប់ស្កាត់ ជំងឺឆ្លងកូវីដ-១៩។

នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បាននិយាយថា «ក្នុងពេលមានវិបត្តិសុខភាពសកល ដូចជា មេរោគកូវីដ-១៩នេះ វិស័យឯកជន និងវិស័យសាធារណៈ ត្រូវចូលរួមឲ្យបានលឿន និងជួយគ្នាទៅវិញទៅមក តាមដែលអាចធ្វើទៅបាន។ យើងជឿថា ក្រុមហ៊ុនត្រូវតែក្រោកឈរឡើង និងឆ្លើយតបទៅតាមការអំពាវនាវ ឲ្យបានទាន់ពេលវេលា។

លោកបន្ដថា «ការឧបត្ថម្ភរបស់យើងដល់ក្រសួង គឺជាការឧបត្ថម្ភមួយ ក្នុងចំណោមការឧបត្ថម្ភជាច្រើន ដែលណាហ្គាវើលដ៍បេះដូងសប្បុរស បានធ្វើក្នុងពេលថ្មីៗនេះ ហើយយើងនឹងឧបត្ថម្ភ ដល់សហគមន៍ ដែលយើងកំពុងបម្រើជាបន្តទៀត»

លោក Chen បានបន្ថែមថា «យើងមានសេចក្តីសោមនស្សរីករាយ ដែលសម្ភារការពារទាំងនេះ នឹងត្រូវបានប្រើប្រាស់ ដើម្បីរក្សាសុវត្ថិភាពប្រជាជនពីមេរោគកូវីដ-១៩ ជាពិសេសអ្នកដែលប្រឈមនឹងហានិភ័យបំផុត និងជួយទប់ស្កាត់ការរាលដាល ដល់សហគមន៍របស់យើង»

លោក សេង ឡូត អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល តំណាងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ បានឲ្យដឹងថា «ណាហ្គាវើលដ៍បានបង្ហាញនូវគំនិតផ្តួចផ្តើម និងទំនួលខុសត្រូវ ដ៏មានសារសំខាន់ចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ក្រាបមេរោគកូវីដ-១៩ ហើយយើងសូមប្រគល់ លិខិតថ្លែងអំណរគុណ ដល់ណាហ្គាវើលដ៍ចំពោះការឧបត្ថម្ភដ៏មានអត្ថន័យនេះ។ សម្ភារទាំងនេះ នឹងជួយការពារសុខភាព និងសុវត្ថិភាពដល់មន្ត្រី និងប្រជាជន នៅក្នុងសហគមន៍ជាច្រើននៅក្នុងគ្រាដ៏លំបាកនេះ»

សូមបញ្ជាក់ថា មុនពេលឧបត្ថម្ភសម្ភារ ការពារមេរោគកូវីដ-១៩ ដល់ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ណាហ្គាវើលដ៍បេះដូងសប្បុរស ក៏បានឧបត្ថម្ភ ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ សាលារាជធានីភ្នំពេញ និងក្រសួងអប់រំ យុវជន និងកីឡាផងដែរ ដែលសរុបមានម៉ាសមុខ៤០,០០០បន្ទះ ជែលលាងដៃ ៤,០០០ ដប និងទឹកអាល់កុលលាងដៃ៧២០លីត្រ ដើម្បីប្រឆាំងនឹងមេរោគកូវីដ-១៩ ក្នុងប្រទេសកម្ពុជា៕