(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នាថ្មីៗនេះបានផ្ញើកំណត់ទូតមួយទៅកាន់ក្រសួងការបរទេសវៀតណាម ដើម្បីស្នើឱ្យរដ្ឋាភិបាល ប្រទេសវៀតណាម រុះរើទីតាំងយោធាទាំងអស់ចេញពីតំបន់ព្រំដែន ដែលតំបន់នោះពុំទាន់បានឯកភាពគ្នាលើខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរនៅឡើយ។

កំណត់ទូតកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីយោធាវៀតណាម បានបោះតង់ចំនួន៣១កន្លែង នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម រវាងស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ទល់និងខេត្តអានយ៉ាង ដែលខ្សែបន្ទាត់ព្រំដែនចំណុចនេះ ពុំទាន់បានឯកភាពគ្នាឡើយ ដោយគណៈកម្មការចម្រុះព្រំដែនរវាងប្រទេសទាំងពីរ។ ការបោះតង់យោធានេះ បានធ្វើឡើងចាប់តាំងពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០មកម្ល៉េះ បន្ទាប់ពីវៀតណាមបានរឹតបន្តឹងចំពោះការឆ្លងដែនទៅកាន់ប្រទេសវៀតណាម ដែលជាវិធានការទប់ស្កាត់ ការចម្លងជំងឺកូវីដ១៩។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ពាក់ព័ន្ធនឹងករណីនេះអាជ្ញាធរកម្ពុជា ធ្លាប់បានចុះទៅណែនាំ និងស្នើឲ្យយោធាវៀតណាមរុះរើចេញពីតំបន់នោះ ប៉ុន្តែមកទល់ពេលនេះភាគីវៀតណាម បានរុះរើតង់ចេញតែ៣ទីតាំងប៉ុណ្ណោះ។ ដោយសារតែវៀតណាមមិនទាន់ រើតង់យោធារបស់ខ្លួនទាំងអស់ ចេញពីតំបន់មិនទាន់ឯកភាពគ្នាលើខ្សែបន្ទាត់ព្រំដែននៅឡើយនោះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានធ្វើកំណត់ទូតតវ៉ាទៅភាគីវៀតណាម ដែលមានខ្លឹមសារសំខាន់ដូចតទៅ៖

១៖ វត្តមានរបស់យោធាវៀតណាមនៅតាមបណ្ដោយព្រំដែនដែលមិនទាន់បានឯកភាពគ្នា គឺបានរំលោភលើចំណុចទី៨ នៃសេចក្តីប្រកាសរួម កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ និងកថាខណ្ឌ៥ ប្រការ៣ នៃសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ និងកិច្ចព្រមព្រៀងព្រំដែននានា ដែលបានបញ្ចប់ការចរចាដោយភាគីកម្ពុជា និងវៀតណាម។

២៖ ស្នើឲ្យភាគីវៀតណាមរុះរើតង់ទាំងអស់ចេញ និងដកកម្លាំងយោធាចេញពីទីតាំងខាងលើ និងបញ្ឈប់នូវរាល់សកម្មភាពនានាជាបន្ទាន់ និងរក្សាបរិស្ថានភូមិសាស្ត្រនៅតំបន់ទាំងអស់នោះឱ្យដូចសភាពដើម រហូតដល់គណៈកម្មការចម្រុះព្រំដែន នៃប្រទេសទាំងពីរកំណត់ច្បាស់លាស់ខ្សែបន្ទាត់ព្រំដែននៅតំបន់ទាំងនោះ។

៣៖ ស្នើឲ្យវៀតណាមធានាថាសកម្មភាពបែបនេះ នឹងមិនកើតឡើងជាដាច់ខាតក្នុងពេលអនាគត ដើម្បីរក្សាភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ពាក់ព័ន្ធនឹងការបោះតង់របស់កងទ័ពវៀតណាមនៅលើព្រំដែនដែលមិនទាន់បានឯកភាពគ្នានេះ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ក៏បានធ្វើលិខិតស្នើទៅកាន់ លោក ង្វៀន ថាញ់ប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងរបស់វៀតណាម ឲ្យមានវិធានការរុះរើតង់កៅស៊ូទាំងនោះចេញផងដែរ ដើម្បីរក្សាស្ថានភាពដដែល នៅតាមតំបន់ព្រំដែន ដែលប្រទេសទាំងពីរពុំទាន់បានឯកភាពគ្នា។

ជាកិច្ចឆ្លើយតប លោកង្វៀន ថាញ់ប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានពន្យល់អភិបាលខេត្តកណ្ដាល អំពីវិធានការរបស់ខ្លួនទប់ស្កាត់ការឆ្លងដែន ចូលដោយខុសច្បាប់ និងការបង្ការការចម្លងជំងឺកូវីដ១៩។ ទោះជាយ៉ាងណា លោកអះអាងថា ខេត្តអានយ៉ាង បានធ្វើការណែនាំដល់កងកម្លាំងមានសមត្ថកិច្ចឲ្យធ្វើការរើចេញ នូវបណ្ដាទីតាំង ធ្វើពីតង់កៅស៊ូនេះទាំងអស់ដែលជាប់ព្រំដែនជាមួយខេត្តកណ្ដាល ហើយជាមូលដ្ឋាន ការរើចេញនូវបណ្ដាទីតាំងបញ្ជាការនេះ គឺមិនប៉ះពាល់ដល់ការងារគ្រប់គ្រងព្រំដែន និងការត្រួតពិនិត្យ បង្ការការឆ្លងជំងឺកូវីដ១៩ នោះទេ។

ទោះជាយ៉ាងនេះក្តី បើតាមរបាយការណ៍ចុងក្រោយ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានព្រឹកថ្ងៃទី២៣ ខែឧសភានេះគឺភាគីវៀតណាមទើបតែបានរុះរើ នៅតង់ទីតាំងយោធាចេញចំនួន៣ទីតាំងតែប៉ុណ្ណោះ មិនទាន់មានការរុះរើបន្ថែមទៀតឡើយ ចំណែកការងារនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការទៅវិញទៅមកជាធម្មតា៕