(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៦ទៀត សរុបទុនវិនិយោគជាង២០០លានដុល្លារ ដែលអាចបង្កើតការងារ ជាច្រើនពាន់កន្លែង។

តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ «វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនចំនួន៤ ដូចខាងក្រោម៖

១៖ YONG WANG (CAMBODIA) CO., LTD គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៧០០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ១០៧.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៨៥៨កន្លែង។

២៖ PROSPECT ENERGY (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៧.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២៩៨កន្លែង។

៣៖ RISEN ENERGY (CAMBODIA) BATTAMBANG CO., LTD គម្រោងបង្កើតស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ ដែលមានទីតាំង វិនិយោគស្ថិតនៅភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង មានទុនវិនិយោគប្រមាណ៥០.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥០កន្លែង។

៤៖ BAYON SMILE HANGER DEVELOPMENT CO., LTD គម្រោងបង្កើតរោងចក្រផលិតប្រដាប់ព្យួរសម្លៀកបំពាក់គ្រប់ប្រភេទ វិនិយោគស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ៥.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦៨២កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ «វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ Campico Global Flooring Co., Ltd គម្រោងបង្កើតរោងចក្រផលិតក្តារបន្ទះ ក្តារប៉ាកេរ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២៥០កន្លែង។

២៖ JL Cool Refrigeration Technology Co., Ltd គម្រោងបង្កើតរោងចក្រផលិតស៊ីឡាំង កេសកាតុងទូរទឹកកក, មានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ១.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣២០កន្លែង៕